សាលាបឋមសិក្សា និងអនុវិទ្យាល័យអាឡែង ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ រួមគ្នា
01-11-2026 12:46
(កំពង់ឆ្នាំង)៖ សាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យអាឡែង ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ រួមគ្នាប្រកបដោយភាពរីករាយ និងអធិកអធម។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពមន្ត្រីការិយាល័យអប់រំស្រុករលាប្អៀរ លោក ចាន់ ឡេង ជំទប់ទី១ឃុំជ្រៃបាក់ អាជ្ញាធរភូមិ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងព្រះសង្ឃជាច្រើនអង្គ។
ការប្រារព្ធពិធីនេះមានគោលបំណងអបអរសាទរដល់ក្មួយៗសិស្សានុសិស្ស ជាពិសេសកុមារតូចៗដែលទើបចូលរៀននៅមតេយ្យសិក្សា និងបឋមសិក្សា ព្រមទាំងសិស្សដែលបានឡើងថ្នាក់ថ្មី។ នេះជាឱកាសដ៏សំខាន់សម្រាប់សិស្សានុសិស្សបន្តការសិក្សាស្វែងយល់ និងកសាងចំណេះដឹង ជំនាញ និងគុណតម្លៃ ដើម្បីអនាគតផ្ទាល់ខ្លួន គ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។
រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកធនធានមនុស្សជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្ដល់អាទិភាពខ្ពស់ដល់វិស័យអប់រំ។
លោក សែម ស៊ីម នាយកសាលាបឋមសិក្សាអាឡែង បានអានរបាយការណ៍បង្ហាញពីលទ្ធផលឆ្នាំសិក្សាកន្លងទៅ និងចំនួនសិស្សសរុបទាំងបឋមសិក្សា និងអនុវិទ្យាល័យ ព្រមទាំងសមិទ្ធផលនានាដែលសាលាបានអភិវឌ្ឍ។
លោក ចាន់ ឡេង ជំទប់ទី១ឃុំជ្រៃបាក់ ក៏បានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលនេះ និងបានណែនាំដល់មាតាបិតា អាណាព្យាបាលសិស្ស ឱ្យយល់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលក្នុងសាលារៀន និងតួនាទីគ្រួសារក្នុងការជំរុញកូនៗឱ្យខិតខំរៀនសូត្រក្លាយជាពលរដ្ឋល្អ។ ក្នុងឱកាសនោះ ក៏មានការប្រគល់ប័ណ្ណសរសើរ រង្វាន់លើកទឹកចិត្តជាសម្ភារៈសិក្សា និងថវិកាដល់សិស្សរៀនពូកែ ដើម្បីជំរុញទឹកចិត្តដល់សិស្សដទៃទៀតឱ្យខិតខំរៀនសូត្រកាន់តែប្រសើរឡើង។

















