បុណ្យអ៊ំទូកថ្ងៃទី១ក្នុងខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាង៣២ម៉ឺននាក់
01-11-2026 12:41
(តាកែវ)៖ ពិធីបុណ្យអ៊ំទូកថ្ងៃទី១ដែលរដ្ឋបាលខេត្តតាកែវរៀបចំឡើងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យចូលរួមលេងកម្សាន្តចំនួនជាង៣២ម៉ឺននាក់។
លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១នៃពិធីបុណ្យអ៊ំទូកក្នុងខេត្តតាកែវ មានភ្ញៀវទេសចរណ៍ចំនួន៣២៥២០៧ នាក់បានចូលមកលេងកម្សាន្ត ក្នុងចំណោមភ្ញៀវទាំងអស់នោះមានភ្ញៀវបរទេសចំនួន២០៥នាក់។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ មូលហេតុដែលអាចទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះឲ្យមកចូលរួមកម្សាន្តក្នុងពិធីបុណ្យអ៊ំទូកក្នុងខេត្តតាកែវក៏ ព្រោះតែខេត្តតាកែវកំពុងតែមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងហេដ្ឋារចាសម្ព័ន្ធផ្លូវថ្នល់ សួនច្បារជាពិសេសខេត្តតាកែវទើបតែកសាងរូបសំណាកបង្កងដ៏ធំមួយនៅបឹងតាកែវ ដែលមានរូបសំណាកនេះកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងតាមបណ្ដាញសង្គមនិងដែលនាំឲ្យភ្ញៀវទេសចរចង់មកមើលដោយផ្ទាល់។
ដោយឡែកពាក់ព័ន្ធទៅនិងបញ្ហាសន្តិសុខ សុវត្ថិភាព នៅក្នុងពិធីបុណ្យអ៊ំទូកថ្ងៃទី១ក្នុងខេត្តតាកែវ ត្រូវបានលោកឧត្តមសេនីយ៍ សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការនិងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា បញ្ហាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំដែលបានចូលរួមត្រូវបានធានាយ៉ាងល្អប្រសើរ តែទោះបីជាយ៉ាងណានៅក្នុងពិធីនេះមានករណីបាត់ក្មេងចំនួន២ករណីក៏ប៉ុន្តែសមត្ថកិច្ចបានប្រឹងប្រែងជួយស្វែងរកកុមារដែលបាត់ចំនួន៣នាក់ប្រគល់ឲ្យក្រុមគ្រូសារអស់ហើយនិងនៅមានពាក្យបណ្ដឹងបាត់ទូរស័ព្វ២ករណីទៀត សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។
គួបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរ«ពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ» ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តតាកែវបានរៀបចំពិធីបុណ្យអ៊ំទូករយៈពេល២ថ្ងៃនៅសួនច្បារមាត់បឹងតាកែវ ចាប់ពីថ្ងៃទី ៣១ ខែ តុលា ដល់ថ្ងៃទី១ ខែ វិឆ្ឆិការ ឆ្នាំ២០២៦។ នៅក្នុងពិធីបុណ្យអ៊ំទូកនេះមានព្រឹត្តិការណ៍ជាច្រើនត្រូវបានអាជ្ញាធខេត្តបង្កើតឡើងរួមមានពិធីរត់ចម្ងាយមហាជនរយៈចម្ងាយ១០គីឡូម៉ែត្រ ការប្រគំតន្រ្តី និងការតាំងពិពរណ៍និងកម្មវិធីសប្បាយៗជាច្រើនទៀតដែលនឹងនាំឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពសប្បាយដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ៕



















