អភិបាលខេត្តតាកែវដឹកនាំមហាជនជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយ១០គីឡូម៉ែត្រ ដើម្បីអបអរពិធីបុណ្យអ៊ំទូកក្នុងខេត្តតាកែវ
01-11-2026 12:37
(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅព្រឹកព្រលឹមថ្ងៃ អាទឹត្យទី ១ ខែ វិឆ្ឆិការ ឆ្នាំ ២០២៦នេះ បានដឹកនាំពលរដ្ឋប្រមាណជាង១ពាន់២រយនាក់ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយ១០គីឡូម៉ែត្រដើម្បីអបអរសាទរពិធីបុណ្យអ៊ំទូកខេត្តតាកែវឆ្នាំ២០២៦ដែលរដ្ឋបាលខេត្តតាកែវរៀបចំរយៈពេល២ថ្ងៃនៅសួនច្បារមាត់បឹងតាកែវ ចាប់ពីថ្ងៃទី៣១ ខែ តុលា ដល់ថ្ងៃទី១ ខែ វិឆ្ឆិការ ២០២៦នេះ។
លោក វ៉ី សំណាង បានមានប្រសាសន៍ថា ព្រិត្តិការណ៍រត់ចម្ងាយ១០គីឡូម៉ែត្រនេះវាបានបង្កើតនៅមិត្តភាព សាមគ្គីភាពនិងព្រមទាំងលើកទឹកចឹត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះស្រលាញ់សុខភាពរបស់ខ្លួនតាមរយៈការដើរឬរត់ហាត់ប្រាណ ជាពិសេសព្រឹត្តការណ៍ក៍ដើម្បីអបអរសាទដែលខេត្តតាកែវបានរៀបចំពិធីបុណ្យអ៊ំទូកជាលើកទី២ ដែលពិធីបុណ្យអ៊ំទូកនេះគឺជាបុណ្យប្រពៃណីជាតិដ៏យូរលង់ណាស់មកហើយរបស់ខ្មែរយើង ដែលមានប្រវត្តិតាំងពីសម័យបុរាណមក។
លោកអភិិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា ពិធីបុណ្យអ៊ំទូកដែលរដ្ឋបាលខេត្តតាកែវបានរៀបចំ ក្រៅពីរំលឹកដល់កងទ័ពជើងទឹកដ៏ខ្លាំងពូកែ ដែលបានរំដោះទឹកដីពីខ្មាំងសត្រូវកាលពីអតីតៈកាល ពិធីនេះក៏បានបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមកចូលរួមលេងកម្សាន្តនៅក្នុងទឹកដីខេត្តតាកែវឲ្យកាន់តែច្រើនឡើងផងដែរ។
គួបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរ«ពិធីបុណ្យអុំទូក ខេត្តតាកែវ ឆ្នាំ២០២៦»ដែលរដ្ឋបាលខេត្តតាកែវរៀបចំរយៈពេល២ថ្ងៃនៅសួនច្បារមាត់បឹងតាកែវ ចាប់ពីថ្ងៃទី ៣១ ខែ តុលា ដល់ថ្ងៃទី១ ខែ វិឆ្ឆិការ ឆ្នាំ២០២៦នេះឲ្យមានភាពអធិកអធមនិងបរិយាកាសសប្បាយរីករាយ រដ្ឋបាលខេត្តតាកែវបានរៀបចំ «ព្រឹត្តិការណ៍រត់សម្រាប់មហាជនដោយសេរី ចម្ងាយ ១០ គីឡូម៉ែត្រ» នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយព្រិត្តិការណ៍នេះបានទាក់ទាញមហាជនឲ្យមកដាក់ពាក្យចូលរួមជាង១ពាន់នាក់៕














