អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យមាតាបិតានាំកូនៗគ្រប់អាយុចុះចូលរៀន ដើម្បីអនាគតភ្លឺស្វាង
01-11-2026 12:35
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សារហាត់ទឹក នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា «ការសិក្សា គឺជាពន្លឺនៃជីវិត និងជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់អនាគតកូនៗគ្រប់រូប»។
លោក អ៊ុំ រាត្រី បានជំរុញយ៉ាងទទូចដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ឱ្យនាំកូនៗដែលគ្រប់អាយុចូលរៀន ទៅចុះឈ្មោះ និងចូលរៀននៅតាមសាលារៀនជិតផ្ទះឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកក្មេងណាម្នាក់ចោល ឬបោះបង់ចោលការសិក្សានោះឡើយ។
លោកបានបន្តថា ការវិនិយោគលើចំណេះដឹង គឺជាការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនៗ ឱ្យផុតពីភាពក្រីក្រ និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់គ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានណែនាំដល់សិស្សានុសិស្សឱ្យខិតខំសិក្សាបន្ថែម តាមរយៈ ការសិក្សានៅតាមបណ្ណាល័យ ការសិក្សាបន្ថែមនៅផ្ទះ ហើយពេលទំនេរពីការសិក្សាត្រូវជួយកិច្ចការងារឪពុកម្តាយមិនត្រូវធ្វើអ្វីដែលគ្មានប្រយោជន៍ ប៉ះពាល់ ដល់ កត្តិយសគ្រួសារ និងសង្គមជាតិឡើយ។
ទន្ទឹមជាមួយគ្នានោះលោក ក៏បានអំពាវនាវដល់អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា ត្រូវការបើកបរដោយមានការប្រុងប្រយ័ត្ន។ ពិសេសណែនាំដល់សិស្សត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនទៅដល់ សហគមន៍ មិត្តភក្តិ និងក្រុមគ្រួសារ។
ពិធីនេះបានបញ្ចប់ដោយការផ្តល់ប័ណ្ណសរសើរដល់សិស្សពូកែ លោកគ្រូ-អ្នកគ្រូ និងការឧបត្ថម្ភថវិកាជូនសាលាបឋមសិក្សារហាត់ទឹកផងដែរ។


















