ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់ករណីដីធ្លីនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១
01-11-2026 11:15
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ពាក់ព័ន្ធនឹងការដោះស្រាយសំណើរបស់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ រួមមាន ឈ្មោះ យឹម វណ្ណាត, ឈ្មោះ យ៉ាង សុខ និងឈ្មោះ ស៊ុម ពិសិទ្ធ ដែលបានស្នើសុំចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើទីតាំងដីសរុបទំហំ ២,០៩៤ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ករណីនេះ ក្រសួង ដ.ន.ស. គណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានដឹកនាំកិច្ចប្រជុំដោះស្រាយដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ, មន្ទីរ ដ.ន.ស. រាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ, មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
ផ្អែកលើការពិនិត្យជាក់ស្តែង ម្ចាស់សំណើទាំង ៣គ្រួសារ បានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីនេះតាំងពីឆ្នាំ១៩៧៩ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន មានសំណង់លំនៅឋាន រឹងមាំ និងមានផ្ទៃដីមួយផ្នែកជាដី «ទួលលោកតាភ៉ាក់ណាំ»។ កន្លងមក ម្ចាស់សំណើតែងតែអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងភូមិប្រើប្រាស់ទីតាំងនេះ សម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៥ នៅពេលមន្ទីរ ដ.ន.ស. រាជធានីភ្នំពេញ ចុះវាស់វែងដីធ្លីជាប្រព័ន្ធ មានការប្តឹងតវ៉ាពីប្រជាពលរដ្ឋ ៨គ្រួសារ ដោយអះអាងថា ទីតាំងដីស្នើសុំចុះបញ្ជីនេះជាដីរួមសម្រាប់ប្រារព្ធពិធីបុណ្យ និងជាទីសក្ការបូជារបស់អ្នកភូមិ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖



