FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានសុខភាពសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នាំអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត ២ ០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

01-11-2026 09:50

(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលបានបង្កផលលំបាកដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ, លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានទីមួយ​ ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី​ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងនាំយកអំណោយស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ១៩០០គ្រួសារ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សកម្មភាពចែកអំណោយនេះក៏មានការចូលរួមពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) លោក លី ឡាវីល ប្រធានក្រុមប្រឹក្សា (CLRA) ព្រមទាំងសហការី និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប, ការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាក ដោយមិនទុកឱ្យពួកគាត់ប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងនោះឡើយ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក តាន់ ផាន់ណារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្តេចទាំងទ្វេរ និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរងគ្រោះ​ ដោយមិនទុកឱ្យពលរដ្ឋណាមួយរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡេីយ។

ទន្ទឹមនឹងការផ្តល់អំណោយស្បៀងអាហារលោក តាន់ ផាន់ណារ៉ា ក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានភាពអត់ធ្មត់ តស៊ូជម្នះការលំបាក និងបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារជីវភាពគ្រួសារឱ្យបានប្រសើរឡើងវិញ និងបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសារ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានសុខភាពខ្សោយ ព្រោះក្រោយពេលទឹកជំនន់អាចបង្កឱ្យមានហានិភ័យដល់សុខភាព ដូចជាជំងឺដែលបណ្តាលមកពីទឹកមិនស្អាត និងបរិស្ថានមិនមានអនាម័យ។ ដូច្នេះប្រជាពលរដ្ឋគួរប្រើប្រាស់ទឹកស្អាតសម្រាប់បរិភោគ ចម្អិនអាហារឱ្យបានឆ្អិនល្អ រក្សាអនាម័យបរិស្ថានជុំវិញផ្ទះ និងស្វែងរកសេវាពិនិត្យព្យាបាលសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយកើតឡើង។

ជាមួយគ្នានេះលោក តាន់ ផាន់ណារ៉ា ក៏បានផ្តាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួនតាមច្បាប់កំណត់។ ការចូលរួមបោះឆ្នោតមានសារៈសំខាន់ណាស់ ជាការបញ្ចូលសំឡេងរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោត និងជាផ្នែកមួយនៃគោលនយោបាយប្រជាធិបតេយ្យនីយកម្មថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការផងដែរ។

សូមបញ្ជាក់ដែរថាចំពោះអំណោយដែលប្រជាពលរដ្ឋមួយគ្រួសារទទួលបាន រួមមាន៖ អង្ករចំនួន ១០គីឡូក្រាម មីចំនួន ១កេស ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៉ីវចំនួន ១យួរ និងស៊ុតមាន់ចំនួន ២០គ្រាប់។ ទោះបីជាអំណោយទាំងនេះមិនអាចដោះស្រាយរាល់ការលំបាកដែលប្រជាពលរដ្ឋកំពុងជួបប្រទះបានទាំងស្រុងក៏ដោយ ប៉ុន្តែវាជាការចូលរួមចំណែកដ៏មានអត្ថន័យ ក្នុងការជួយសម្រាលបន្ទុកចំណាយលើការហូបចុក និងជួយបំពេញតម្រូវការស្បៀងអាហារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗក្នុងអំឡុងពេលដ៏លំបាកនេះផងដែរ៕