FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស្វាយ ស៊ីថា៖ ការចងក្រងបណ្តាញការងារជាប្រព័ន្ធ និងការពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាននៅក្នុងការងារព័ត៌មាននិងសាធារណមតិ (Video inside)

01-11-2026 09:40

(ស្ទឹងត្រែង)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ បញ្ញាសិប្បនិម្មិត» នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានសង្កត់ធ្ងន់លើការវិវត្ត សារៈសំខាន់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងក្លាយជាឧបករណ៍ធ្វើឱ្យការ ចែកចាយព័ត៌មាន ជាពិសេសព័ត៌មានបំពុល បំភាន់ និងក្លែងក្លាយ អាចធ្វើទៅបានកាន់តែលឿនរហ័ស។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ក្នុងបរិបទដែលព័ត៌មានអាចត្រូវបានចែកចាយយ៉ាងឆាប់រហ័ស ការឆ្លើយតបក៏ត្រូវធ្វើឡើងឱ្យបានទាន់ពេលវេលា និងផ្អែកលើមូលដ្ឋានច្បាស់លាស់។ ការយកចិត្តទុកដាក់ជាពិសេសចំពោះព័ត៌មានចាស់ៗ ដែលត្រូវបានដោះស្រាយរួចហើយ ប៉ុន្តែត្រូវបានយកមកផ្សព្វផ្សាយឡើងវិញ ក៏ជារឿងសំខាន់ចាំបាច់ផងដែរ ដើម្បីទប់ស្កាត់ការយល់ច្រឡំនៅក្នុងសង្គម»។

ពាក់ព័ន្ធនឹងការវិវត្តរីកចម្រើននៃបច្ចេកវិទ្យា AI លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា «ខណៈបច្ចេកវិទ្យានេះអាចបង្កហានិភ័យមួយចំនួន ការប្រើប្រាស់ក្នុងផ្លូវត្រឹមត្រូវនិងប្រកបដោយការទទួលខុសត្រូវ អាចជួយសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ មន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិ ត្រូវតែបន្តសិក្សាស្វែងយល់ និងពង្រឹងជំនាញបច្ចេកវិទ្យាជាប់ជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការរួមចំណែក ថែរក្សាសុខសន្តិភាព ស្ថិរភាព និងសុខដុមរមនានៅក្នុងសង្គមជាតិយើង»។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យសិក្ខាកាមទាំងអស់រក្សានិងពង្រឹងការសហការការងារជាប្រព័ន្ធចាប់ពីថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់ឃុំ និងសង្កាត់ ដោយហេតុថា «ការរួបរួមកម្លាំងនិងការសម្របសម្រួលពីគ្រប់លំដាប់ថ្នាក់ គឺជាកត្តាចាំបាច់ខ្វះមិនបាននៃដំណើរការការងារព័ត៌មាននិងសាធារណមតិ»។

វគ្គបណ្តុះបណ្តាលនេះត្រូវបានបិទបញ្ចប់ ដោយលោកទេសរដ្ឋមន្ត្រី បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម នៅក្នុងវគ្គនេះ៕