FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល

01-11-2026 08:34

(ភ្នំពេញ)៖ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត (CPC) និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយសម្តេចតេជោ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

យោងតាមសារលិខិតចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ពីទីក្រុងប៉េកាំង លោកប្រធានាធិបតី ស៊ី ជីនពីង បានសម្តែងនូវអំណរគុណយ៉ាងស្មោះចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរជូនលោក ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរយៈសារលិខិតដដែល មេដឹកនាំកំពូលចិនរូបនេះ បានគូសបញ្ជាក់ពីការផ្តល់សារៈសំខាន់បំផុតចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា ដើម្បីជំរុញមិត្តភាពជាប្រពៃណី និងលើកកម្ពស់ទំនើបកម្មនៃប្រទេសទាំងពីរ។

«ខ្ញុំផ្តល់សារៈសំខាន់បំផុតចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា ហើយត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ សម្តេច ដើម្បីជំរុញមិត្តភាពជាប្រពៃណី និងសម្រេចបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងការបន្តជំរុញសហគមន៍វាសនារួមចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដើម្បីលើកកម្ពស់ទំនើបកម្មប្រទេសយើងទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍កាន់តែធំធេងបន្ថែមទៀតដល់ប្រជាជនយើងទាំងពីរ»។ នេះបើតាមខ្លឹមសារដែលគូសរំលេចនៅក្នុងសារលិខិតរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។

ជាកិច្ចបញ្ចប់នៃសារលិខិត លោក ស៊ី ជីនពីង បានជូនពរ សម្តេចតេជោ ហ៊ុន សែន ឱ្យទទួលបាននូវសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រមទាំងបានប្រសិទ្ធពរដល់ព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវវិបុលភាព និងសុភមង្គលសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕