FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន ៧នាក់ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

31-10-2026 16:40

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ពុធ ស្រីម៉ៅ ភេទស្រី អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជុំវិញករណីចោរកំពុងលួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបណ្ដឹងខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះធ្វើការអន្តរាគមន៍ដល់ទីតាំងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ រួមមាន៖ ឈ្មោះ ស៊ុក សេរី (រី) ភេទប្រុស អាយុ៣៦ឆ្នាំ, ឈ្មោះ រ័ត្ន រស្មី (ម៉ី )ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោះ អ៊ុន ប្រាសិត ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ប៉ន ភារម្យ ភេទប្រុស អាយុ៣៧ឆ្នាំ, ឈ្មោះ ធា វ៉ាន់ចិន ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ជុំ សានី ភេទប្រុសអាយុ៣៨ឆ្នាំ និងឈ្មោះ ស៊ុន ភក្តី ភេទប្រុស អាយុ១៤ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ដូចជាខ្សែភ្លើងនិងអំពូលភ្លើងមួយចំនួន(បានប្រគល់ជូនជនរងគ្រោះវិញ), កាំបិត ចំនួន០៣ដើម, ដង្កាប់ប្រវែង១៦សង់ទីម៉ែត្រ ចំនួន០១ដើម, កន្ត្រៃប្រវែង១៧សង់ទីម៉ែត្រ ចំនួន០១ដើម, ទួឡឺវីស ចំនួន០៣ដើម, សោលេខ១៧ប្រវែង២២សង់ទីម៉ែត្រ ចំនួន០១ដើម, ដែកសំលៀង ប្រវែង៣២សង់ទីម៉ែត្រ ចំនួន០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមលើជនសង្ស័យរកឃើញមានសារធាតុញៀនវិជ្ជមាន(+)។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ក្រុមជនសង្ស័យបានសារឆ្លើយសារភាពថា ពួកខ្លួនបានលួចកាត់ខ្សែភ្លើងរបស់ដើមបណ្ដឹងពិតប្រាកដមែនដើម្បីយកទៅលក់យកលុយទិញគ្រឿងញៀនមកប្រើប្រាស់។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធី៕