មន្ទីរបរិស្ថានខេត្តព្រះសីហនុ បុគ្គលិកស្ម័គ្រចិត្តកំពង់ដេវ៉ា និងពលរដ្ឋក្នុងសហគមន៍ បេីកយុទ្ធនាការសម្អាតឆ្នេរសមុទ្រ
31-10-2026 16:05
(ព្រះសីហនុ)៖ លោក ម៉ើង សុភាព ប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការ និងដោយមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តរបស់កំពង់ដេវ៉ា ប្រជាពលរដ្ឋក្នុងសហគមន៍ បានរៀបចំយុទ្ធនាការសម្អាតឆ្នេរសមុទ្រ ក្រោមប្រធានបទ «ទឹកស្អាត, ដីស្អាត, ខ្យល់ស្អាត» ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងសុខភាពរស់នៅកាន់តែប្រសើរក្នុងខេត្តព្រះសីហនុ។
យុទ្ធនាការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ និងមូលនិធិកំពង់ដេវ៉ា ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយផ្តោតលើការបំពេញតម្រូវការចាំបាច់របស់មនុស្ស និងបរិស្ថានធម្មជាតិ តាមរយៈការដឹកនាំសកម្មភាពសម្អាតដែលមានគោលបំណងលើកកម្ពស់សុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តអនាម័យ កាត់បន្ថយបញ្ហាប្រឈមនៃការបំពុលដោយសំណល់ និងបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។
នាឱកាសនោះលោក ម៉ើង សុភាព បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមលោកជាតំណាងមន្ទីរបរិស្ថាន ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលមានការចូលរួមពីវិស័យឯកជនដូចជា កំពង់ដេវ៉ារីហ្សត និងប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងយុទ្ធនាការទឹកស្អាត ដីស្អាត ខ្យល់ស្អាត ហេីយលោកពិតជាពេញចិត្ត និងកោតសរសើរចំពោះការធ្វើសកម្មភាពសម្អាតជាញឹកញាប់របស់កំពង់ដេវ៉ា ដើម្បីយុទ្ធនាការ កម្ពុជាស្អាត ខ្មែរអាចធ្វើបាន។
តំណាងវិស័យឯកជន និងប្រជាពលរដ្ឋ លោកស្រី Angioline C. Villanueva បានឱ្យដឹងថា សកម្មភាពសម្អាតនេះលើសពីការប្រមូលសំរាម វាគឺដើម្បីការពារបរិស្ថានរបស់យើង និងលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍របស់យើង។ យើងធ្វើឱ្យបរិស្ថានកាន់តែស្អាត និងកាន់តែបៃតង។ រាល់សំរាមដែលយើងរើសថ្ងៃនេះ យើងការពារកុំឱ្យប៉ះពាល់ដល់ជីវិតសត្វសមុទ្រ ជួយកាត់បន្ថយការបំពុលសមុទ្រ ហើយនិងជួយឱ្យឆ្នេរសមុទ្ររបស់កាន់តែស្រស់ស្អាត។
យើងរួមគ្នាកសាងបរិស្ថានឱ្យកាន់តែប្រសើរឡើង ការចូលរួមប្រកបដោយជោគជ័យនៃយុទ្ធនាការសម្អាត បានតំណាងឱ្យសមិទ្ធផលដ៏សំខាន់មួយទៀតនៅក្នុងបេសកកម្មរបស់មូលនិធិកំពង់ដេវ៉ាដើម្បីបង្កើតផលប៉ះពាល់សង្គមជាវិជ្ជមាន និងនិរន្តរភាព។ តាមរយៈភាពជាដៃគូដ៏មានអត្ថន័យជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធររដ្ឋាភិបាល និយោជិត អ្នកស្ម័គ្រចិត្ត និងដៃគូអភិវឌ្ឍន៍នានា មូលនិធិនៅតែរក្សាជំហររបស់ខ្លួនក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់សហគមន៍ឱ្យមានរស់នៅប្រកបដោយសុខភាពល្អ និងមានការទទួលខុសត្រូវចំពោះបរិស្ថាន ដែលនាំមកនូវប្រទេសកម្ពុជាកាន់តែស្អាត និងបៃតង៕














