កំណាត់ផ្លូវជាតិលេខ៧៨-៥ និង៧៨C ក្នុងស្រុកអូរជុំ ត្រូវបានជួសជុលស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
31-10-2026 15:44
(រតនគិរី)៖ កំណាត់ផ្លូវជាតិលេខ ៧៨-៥ និង៧៨C ក្នុងស្រុកអូរជុំ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ជួសជុលស្តារឡើងវិញ ក្រោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារផ្ទាល់ ដើម្បីកែសម្រួលកំណាត់ផ្លូវឱ្យមានសភាពល្អប្រសើរ និងអាចបម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល។ ការចុះកែសម្រួលកំណាត់ផ្លូវជាតិដ៏មានសារសំខាន់នេះ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។
លោក សាយ សាមាន ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សូមបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៅពេលធ្វើដំណើរ ដើម្បីការពារសុវត្ថិភាពខ្លួនឯង គ្រួសារ និងអ្នកដទៃ។ លោក បានថ្លែងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ ប្រកបដោយសុខសុវត្ថិភាពផងដែរ៕










