សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ និងកោតសរសើរស្នាដៃដឹកនាំរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសពិធីចម្រើនជន្មាយុ
31-10-2026 15:30
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ និងសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសពិធីចម្រើនជន្មាយុរបស់ឯកឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
តាមរយៈសារលិខិតចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភា តាងនាមឱ្យស្ថាប័នរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានវាយតម្លៃខ្ពស់ប្រកបដោយមោទនភាពចំពោះវីរភាពរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ ដែលជានិច្ចកាលតែងតែបូជាអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាញាណ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើនជូនជាតិ និងប្រជាជន។
ទន្ទឹមនឹងនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សកម្ម និងប្រកបដោយភាតរភាពរបស់អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងការលើកកម្ពស់កិច្ចការការទូតសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។ សកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងរឹងមាំក្នុងការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជួយលើកស្ទួយកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចប្រធានរដ្ឋសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជូនចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

