ប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ចំនួន៤ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញសេដ្ឋកិច្ចគ្រួសារ និងធានាសន្ដិសុខស្បៀង
31-10-2026 15:25
(បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាលកម្ពុជា បានជួយសង្គ្រោះ និងស្តារផលិតកម្មកសិកម្មជូនប្រជាកសិករ តាមរយៈការផ្តល់នូវពូជស្រូវ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីមានលទ្ធភាពក្នុងការស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
ក្នុងបេសកកម្មរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣០ដល់៣១ ខែតុលា ឆ្នាំ២០២៦ លោក ឌិ ត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារចុះតាមមូលដ្ឋានផ្តល់នូវពូជស្រូវជូនកសិករក្នុងស្រុក-ក្រុងចំនួន៤ រួមមាន ក្រុងសិរីសោភ័ណ, ស្រុកមង្គលបូរី, ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ។
នេះគឺជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ពូជស្រូវ អន្តរាគមន៍ សង្គ្រោះ និងស្តារជីវភាពកសិករក្រោយរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឆ្នាំ២០២៦ ដែលវិស័យកសិកម្ម គឺជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ប៉ុន្តែដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ បានបង្កជាគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់ ក្នុងនោះគ្រោះទឹកជំនន់ គឺជាកត្តាចម្បងមួយដែលតែងតែបំផ្លិចបំផ្លាញដំណាំស្រូវ និងផលដំណាំផ្សេងៗរបស់ប្រជាកសិករ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រប់កាលៈទេសៈដ៏លំបាក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងឈរនៅកៀកជានិច្ចជាមួយប្រជាពលរដ្ឋ បានធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈការផ្តល់ស្បៀងសង្គ្រោះបន្ទាន់យ៉ាងទាន់ពេលវេលាក្នុងពេលដែលខេត្តបន្ទាយមានជ័យ ទទួលរងគ្រោះដោយទឹកជំនន់ ដែលធ្វើឱ្យបណ្តាលក្រុង-ស្រុកមួយចំនួនរងគ្រោះ ប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផលដំណាំរបស់បងប្អូនប្រជាកសិករ ដូចជាដំណាំស្រូវជាដើម។
ជាមួយគ្នានោះរាជរដ្ឋាភិបាលតាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យនិងវាយតម្លៃទំហំនៃការខូចខាតដល់មូលដ្ឋាន ដើម្បីផ្តល់នូវពូជស្រូវគុណភាពខ្ពស់
ដើម្បីជួយឱ្យកសិករអាចចាប់ផ្តើមធ្វើស្រែប្រាំង ឬស្តារការបង្កបង្កើនផលឡើងវិញបានភ្លាមៗឱ្យទាន់រដូវកាល។
រាជរដ្ឋាភិបាល បានផ្តល់ពូជស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់ មិនត្រឹមតែជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារកសិករ និងធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕






















