FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន ប្រគល់ធុងសំរាម ៨០៤ធុង ដល់មន្ទីរអប់រំខេត្តរតនគិរី ដើម្បីលើកកម្ពស់បរិស្ថានស្អាត

31-10-2026 15:01

(រតនគិរី)៖ ក្រសួងបរិស្ថាន បានប្រគល់ធុងសំរាមចំនួន ៨០៤ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់ បណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងជំរុញចលនា «ភាពស្អាត» នៅតាមគ្រឹះស្ថានសិក្សានិងមូលដ្ឋានទូទាំងខេត្ត

ធុងសំរាមទាំង ៨០៤ធុងនេះ ត្រូវបានប្រគល់ជូនទៅមន្ទីរអប់រំយុវជន និងគីឡាខេត្តរតនគិរី តាមរយៈមន្ទីរបរិស្ថានខេត្ត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ធុងសំរាមទាំងអស់នេះ នឹងត្រូវយកទៅបែងចែក និងបំពាក់នៅតាមបណ្តាគ្រឹះស្ថានសិក្សានានាទូទាំងខេត្តរតនគិរី។ វិធានការនេះ ធ្វើឡើងដើម្បីធានាថា គ្រប់សាលារៀនទាំងអស់មានប្រព័ន្ធទុកដាក់ និងបែងចែកសំរាមបានត្រឹមត្រូវ សំដៅបង្កើតបរិស្ថានសិក្សាដែលមានសុវត្ថិភាព គ្មានការបំពុលដោយប្លាស្ទិក លើកកម្ពស់សោភ័ណភាព និងសុខភាពសាធារណៈ។

គិតត្រឹមរដូវកាលចុងឆ្នាំ២០២៦ នេះ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុបរាប់ម៉ឺនធុងរួចមកហើយ ដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស។ ការប្រគល់ជូនមន្ទីរអប់រំខេត្តរតនគិរីនាពេលនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល មកលើខេត្តភូមិភាគឦសាន ក្នុងការធានាឱ្យបាននូវ «ភាពស្អាត» ដែលជាជំហានដំបូង និងសំខាន់បំផុតឆ្ពោះទៅរកភាពបៃតង និងចីរភាពបរិស្ថាន៕