រដ្ឋបាលខេត្តកោះកុង រៀបចំពិធីផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ
31-10-2026 14:58
(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយដ៏សំខាន់មួយ ស្តីពី «ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់របស់ពលករខ្មែរ និងជនបរទេស និងការបង្ការទប់ស្កាត់ការឆបោក និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ»។
ពិធីនេះមានការចូលរួមពីលោកស្រីឧត្តមសេនីយ៍ឯក ប៊ុណ្ណ សំខាន់ មន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, លោក ហាក់ ឡេង អភិបាលរងខេត្ត ព្រមទាំងមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក ប៊ុណ្ណ សំខាន់ បានសម្តែងក្តីបារម្ភចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចក្លាយជាឧបករណ៍សម្រាប់ជនល្មើសប្រើប្រាស់ ក្នុងអំពើជួញដូរមនុស្សគ្រប់រូបភាព។ លោកស្រីបានសង្កត់ធ្ងន់ថា ទោះបីបច្ចេកវិទ្យាផ្តល់អត្ថប្រយោជន៍ច្រើន ក៏វាបង្កហានិភ័យខ្ពស់ដល់ការកេងប្រវ័ញ្ច និងការបោកបញ្ឆោតផងដែរ។
លោក ហាក់ ឡេង អភិបាលរងខេត្ត បានលើកឡើងថា កន្លងមក រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបានផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយអំពីបញ្ហាជួញដូរមនុស្សតាមប្រព័ន្ធអនឡាញដល់គ្រឹះស្ថានអប់រំ និងមូលដ្ឋានរស់នៅរបស់ ប្រជាពលរដ្ឋប្រមាណ ១៣,០០០ លើក ដោយមានអ្នកចូលរួមសរុប ២៤០,០០០នាក់។
លោកបានបង្ហាញពីស្ថិតិពលករចំណាកស្រុកក្នុងខេត្តកោះកុង ដែលក្នុងនោះមានពលករជាច្រើនបានចេញទៅធ្វើការដោយមិនស្របច្បាប់។ អាជ្ញាធរខេត្តប្តេជ្ញាបន្តពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងអំពើជួញដូរមនុស្ស ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម៕















