សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
31-10-2026 14:58
(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារជូនពរឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្តម នៃថ្ងៃចម្រើនជន្មាយុជាមង្គលរបស់ ឯកឧត្តម ដែលនឹងចូលមកដល់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខ្ញុំ និងភរិយា សូមសម្តែងនូវបីតិសោមនស្សរីករាយ ចូលរួមអបអរសាទរ និងសូមជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ចំពោះ ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំរឹងប៉ឹងមាំមួន បញ្ញាញាណភ្លឺស្វាងវាងវៃ ជន្មាយុយឺនយូរ និងសូមសម្រេចបានជោគជ័យថ្មីៗកាន់តែច្រើនបន្ថែមទៀត ក្នុងគ្រប់ភារកិច្ចការងារ ជាពិសេសលើដំណើរការ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយអភិបាលគ្រងរក្សា និងសូមប្រោះព្រំប្រទានពរជ័យគ្រប់ប្រការ ជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរដ៏ប្រពៃថ្លៃថ្លា គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

