FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែកចិន និងទីភ្នាក់ងារ CIDCA

31-10-2026 14:28

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាជីវកម្មរចនាផ្លូវដែកចិន (China Railway Design Corporation – CRDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់អភិវឌ្ឍន៍ (CIDCA) ដែលដឹកនាំដោយ លោក Xue Dong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងពិនិត្យពិភាក្សាលើការសិក្សាលទ្ធភាពគម្រោងអាទិភាពជាច្រើន រួមមាន៖ គម្រោងស្ពាន ផ្លូវថ្នល់ ប្រព័ន្ធទឹកកខ្វក់ និងផ្លូវដែក។ ក្រៅពីនេះ ការអភិវឌ្ឍធនធានមនុស្សសម្រាប់ មន្រ្តីជំនាញរបស់ក្រសួង តាមរយៈការបណ្តុះបណ្តាលផ្នែកបច្ចេកទេសនៅសាលា ឬនៅប្រទេសចិនផ្ទាល់ ក៏ជាគម្រោងអាទិភាពមួយផងដែរ។

កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតលក្ខខណ្ឌពីមិត្តចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ក្រសួងប្តេជ្ញាលើកកម្ពស់សេវា និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព សុវត្ថិភាព ចីរភាព និងបរិយាបន្ន៕