FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមមនុស្សចាស់កូរ៉េនៅកម្ពុជា និងយុវជនសហសមាគមសហព័ន្ធសុវត្ថិភាពចំណីអាហារ រៀបចំយុទ្ធនាការសម្អាតបរិស្ថាននៅឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ដើម្បីបំផុសស្មារតីចូលរួមសម្អាតបរិស្ថាន

31-10-2026 13:59

(កំពង់ស្ពឺ)៖ សមាគមមនុស្សចាស់កូរ៉េនៅកម្ពុជា (Cambodia Korean Senior Citizens Association) កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំ និងចុះធ្វើសកម្មភាពរួមគ្នាសម្អាតបរិស្ថាន ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោក យូន ចននី ស៊ីន (Yoon Johnny Shin) ប្រធានសមាគម។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅឯទីតាំងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ (គិរីរម្យ) ដែលជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយរបស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលើខ្ពង់រាបភ្នំគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមយ៉ាងផុសផុលពីសំណាក់ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសហព័ន្ធសុវត្ថិភាពចំណីអាហារផងដែរ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព និងបរិស្ថានតំបន់រមណីយដ្ឋានទេសចរណ៍ជាតិ។

ថ្លែងក្នុងឱកាសនោះ លោក យូន ចននី ស៊ីន បានលើកឡើងថា «សកម្មភាពនេះធ្វើឡើង គឺដោយសារយើងចង់ឃើញប្រទេសកម្ពុជាស្រស់ស្អាត រួមជាមួយបរិស្ថានដ៏ស្រស់បំព្រង»។

លោកប្រធានសមាគមបានបញ្ជាក់បន្ថែមថា ការសម្អាតបរិស្ថានមិនមែនត្រឹមតែជាការប្រមូលសំរាមធម្មតានោះឡើយ ប៉ុន្តែវាគឺជាទង្វើនៃការបង្ហាញក្តីស្រឡាញ់ចំពោះសហគមន៍ដែលយើងរស់នៅ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះអ្នកជិតខាង និងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា បរិស្ថានស្អាត គឺជាមុខមាត់របស់ប្រជាជាតិ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីកម្រិត នៃស្មារតី និងវប្បធម៌របស់ពលរដ្ឋខ្លួន។

ជាចុងក្រោយ លោក យូន ចននីស៊ីន បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សហគមន៍កូរ៉េនឹងបន្តឈរជាកម្លាំងចលករនាំមុខគេក្នុងការសម្អាតបរិស្ថាន តាមរយៈការធ្វើជាគំរូដ៏ល្អ និងការសហការយ៉ាងជិតស្និទ្ធជាមួយសង្គមកម្ពុជា ដើម្បីកសាងសហគមន៍ដ៏ស្អាត និងគួរឱ្យទាក់ទាញ។

ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ ដោយសង្ឃឹមថា សកម្មភាពតូចៗនាពេលនេះ នឹងក្លាយជាកាតាលីករនៃការផ្លាស់ប្តូរដ៏អស្ចារ្យ ដើម្បីបន្សល់ទុកនូវមរតកធម្មជាតិ និងប្រទេសកម្ពុជាដ៏ស្អាតជូនដល់មនុស្សជំនាន់ក្រោយតទៅមុខទៀត៕