សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក (Video inside)
31-10-2026 13:08
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរជូន ក្រុមអត្តពលិកកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រកួតដណ្ដើមឈ្នះមេដាយសរុបចំនួន ៤គ្រឿង (មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿង) ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ (The 4th USIP World Police Games 2026)។
ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោក លើកទី៤នេះ បានប្រព្រឹត្តទៅនៅទីក្រុង Santo Domingo នៃសាធារណរដ្ឋដូមីនីក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
តាមរយៈសារអបអរសាទររបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត, អត្តពលិកកម្ពុជាដែលដណ្ដើមបានជ័យលាភីជូនជាតិ រួមមាន៖
មេដាយប្រាក់ ១គ្រឿង (កីឡាបាល់ទះលើឆ្នេរខ្សាច់)៖
- ដណ្ដើមបានដោយ លោកព្រិន្ទបាលទោ ធី ម៉េងហួង និង លោកព្រិន្ទបាលទោ មឿន ម៉េងឡាយ ក្រោយបរាជ័យក្រោមថ្វីដៃម្ចាស់ផ្ទះក្រុមសាធារណរដ្ឋដូមីនីក A ក្នុងលទ្ធផល ២សិតទល់នឹង០ នាវគ្គផ្តាច់ព្រ័ត្រ។
- មេដាយសំរិទ្ធ ១គ្រឿង (កីឡាហែលទឹក)៖ ដណ្ដើមបានដោយ កញ្ញាព្រិន្ទបាលទោ សុខ វរល័ក្ខណ លើវិញ្ញាសាហែលរបៀបកង្កែប ៥០ម៉ែត្រ (Woman 50m Breaststroke)។
មេដាយសំរិទ្ធ ១គ្រឿង (កីឡាយូដូ)៖ ដណ្ដើមបានដោយ លោកវរសេនីយ៍ទោ ស៊ន់ បញ្ញាវឌ្ឍន៍ ក្នុងប្រភេទទម្ងន់ក្រោម ៨១គីឡូក្រាម។
- មេដាយសំរិទ្ធ ១គ្រឿង (កីឡាយូដូ)៖ ដណ្ដើមបានដោយ លោកវរសេនីយ៍ទោ នុត សេរីរដ្ឋា ក្នុងប្រភេទទម្ងន់ក្រោម ៦៦គីឡូក្រាម។
ជ័យជម្នះរបស់ក្រុមអត្តពលិកនគរបាលកម្ពុជានាពេលនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀតសម្រាប់វិស័យកីឡាកម្ពុជា ដែលបាននាំយកកិត្តិយស និងកិត្យានុភាពជាតិ ទៅបង្ហាញនៅលើឆាកអន្តរជាតិ៕





