FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ណែនាំប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរ ពង្រឹងគុណភាពសេវាកម្ម ដើម្បីត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យសមុទ្រ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ

31-10-2026 12:53

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករទេសចរណ៍នៅតំបន់ឆ្នេរទាំងអស់ ឱ្យពង្រឹងគុណភាពសេវាកម្ម អនាម័យ សោភណភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានអាជីវកម្ម ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។

ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ក្នុងគោលបំណងចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា ព្រមទាំងប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ ដែលមានភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។

យោងតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការណែនាំសំខាន់ៗដល់ប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរ ដូចខាងក្រោម៖

១៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងរក្សាអនាម័យ និងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម។

២៖ ត្រូវរៀបចំចំណតយានយន្តឱ្យបានគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានស្លាកសញ្ញាសម្គាល់ទីតាំងចំណតច្បាស់លាស់ និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចប៉ះពាល់ដល់ចរាចរណ៍សាធារណៈ។

៣៖ ត្រូវរៀបចំតុបតែងលម្អ និងបំពាក់អំពូលភ្លើងបំភ្លឺ ព្រមទាំងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ ចំពោះផ្នែកខាងក្នុង ត្រូវរៀបចំដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ ស្របតាមការណែនាំលេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍។

៤៖ រាល់ការតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅទីតាំងអាជីវកម្ម ត្រូវរំលេចវប្បធម៌ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់រាជធានី-ខេត្ត ដោយមិនប្រាសចាកពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។

៥៖ ត្រូវបង្ហាញផលិតផល និងសេវាកម្មអាជីវកម្មជាសាធារណៈ ព្រមទាំងបញ្ជាក់តម្លៃ និងលក្ខខណ្ឌនៃការប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការពិចារណា និងជ្រើសរើសទិញផលិតផល ឬប្រើប្រាស់សេវាកម្មទេសចរណ៍។

៦៖ ត្រូវរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ ព្រមទាំងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។

៧៖ ត្រូវលើកកម្ពស់សីលធម៌ សុជីវធម៌ និងពង្រឹងសមត្ថភាពជំនាញបុគ្គលិកលើការផ្តល់សេវា និងបដិសណ្ឋារកិច្ច ព្រមទាំងរៀបចំឯកសណ្ឋានបុគ្គលិកឱ្យបានត្រឹមត្រូវតាមផ្នែកនីមួយៗ ដោយមានការរំលេចលក្ខណៈជាខ្មែរ។

៨៖ ត្រូវយកចិត្តទុកដាក់លើអនាម័យបន្ទប់ទឹក ដោយរៀបចំវេនសម្អាតជាប្រចាំ និងផ្តល់សម្ភារៈប្រើប្រាស់ចាំបាច់ឱ្យបានគ្រប់គ្រាន់ ដូចជា សាប៊ូលាងដៃ កន្សែងជូតដៃ និងក្រដាសជាដើម ព្រមទាំងបែងចែកបន្ទប់ទឹកបុរស និងស្ត្រី ដោយធានាអនាម័យ និងសុវត្ថិភាព។

៩៖ ត្រូវចូលរួមយ៉ាងសកម្មក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយយុទ្ធនាការក្រោមទិសស្លោកចំនួន៣ រួមមាន៖

- «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»
- «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»
- «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។

១០៖ ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាចុងក្រោយ ក្រសួងទេសចរណ៍ បានណែនាំឱ្យប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរទាំងអស់ និងមន្ទីរទេសចរណ៍ខេត្តតំបន់ឆ្នេរ ចូលរួមសហការផ្សព្វផ្សាយសេចក្តីណែនាំនេះឱ្យបានទូលំទូលាយ និងអនុវត្តតាមដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕