រដ្ឋមន្ត្រី ហួត ហាក់៖ វេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦ ផ្តល់ឱកាសការងារ និងកម្មសិក្សាជាង ៥,០០០កន្លែង ពីក្រុមហ៊ុនជាង ១០០
31-10-2026 12:48
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦» និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមជ័យលាភី នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ និងវគ្គបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាព។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទីភ្នាក់ងារជាតិមុខរបរ និងការងារ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល សិក្ខាកាម និងអ្នកស្វែងរកការងារប្រមាណ ៤០០នាក់ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដៃគូសហការ សមាគមទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងប្រតិបត្តិករវិស័យឯកជន ដែលបានចូលរួមសហការរៀបចំវេទិកានេះ ព្រមទាំងចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់និយោជកទាំងអស់ ដែលបាននាំយកឱកាសការងារ និងកម្មសិក្សាមកផ្តល់ជូនយុវជនកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វេទិកានេះមានការចូលរួមពីក្រុមហ៊ុនជាង ១០០ ដែលបាននាំមកនូវឱកាសការងារ និងកម្មសិក្សាជាង ៥,០០០កន្លែង ខណៈរំពឹងថានឹងមានអ្នកស្វែងរកការងារប្រមាណ ៣,០០០នាក់ ចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារដោយផ្ទាល់។
លោកបានគូសបញ្ជាក់ថា វេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនេះ មានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងបង្កើតឱកាសឱ្យអ្នកស្វែងរកការងារបានជួបជាមួយនិយោជកដោយផ្ទាល់ ដើម្បីទទួលបានការងារសមស្របតាមជំនាញ និងសមត្ថភាពរបស់ខ្លួន។
លោកបានបន្ថែមថា ការអភិវឌ្ឍជំនាញមិនគួរបញ្ចប់ត្រឹមការបញ្ចប់វគ្គបណ្តុះបណ្តាលនោះទេ ប៉ុន្តែត្រូវជំរុញវប្បធម៌នៃការសិក្សាពេញមួយជីវិត និងការបណ្តុះបណ្តាលបន្ថែម ដើម្បីឱ្យអ្នកជំនាញអាចបន្តពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្តនៃឧស្សាហកម្មទេសចរណ៍។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ «មនុស្ស» ជាអាទិភាពទី១ ក្នុងការកសាងធនធានមនុស្សប្រកបដោយជំនាញ សមត្ថភាពប្រកួតប្រជែង សីលធម៌ និងគុណធម៌។
ក្នុងន័យនេះ ក្រសួងទេសចរណ៍កំពុងជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាល HoKa ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដើម្បីធានាថាជំនាញ និងបទពិសោធការងាររបស់អ្នកជំនាញទទួលបានការទទួលស្គាល់ជាផ្លូវការ ព្រមទាំងបង្កើតគន្លងអាជីពឱ្យកាន់តែច្បាស់លាស់។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ ព្រមទាំងពង្រីកការរៀបចំវេទិកាផ្គូផ្គងឱកាសការងារទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត ដូចជា រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។
ជាមួយគ្នានេះ លោកបានជំរុញការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍ (CTPRS) សម្រាប់ការសិក្សា ការគ្រប់គ្រងការបណ្តុះបណ្តាល និងការស្វែងរកឱកាសការងារសមស្រប ជាពិសេសការជំរុញការវាយតម្លៃសមត្ថភាពតាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បីឱ្យអ្នកជំនាញទទួលបានគុណវុឌ្ឍិស្របតាមស្តង់ដាជាតិ និងអាស៊ាន។
សូមជម្រាបថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ ដោយសហការជាមួយក្រសួងទេសចរណ៍ និងផ្តល់ការបណ្តុះបណ្តាលស្របតាមស្តង់ដាអាស៊ាន។ គិតមកដល់បច្ចុប្បន្ន សាលានេះបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ជាង ៦,០០០នាក់៕









