មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី កោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរដែនដីខេត្តកំពង់ធំ ដែលបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋបានទាន់ពេលវេលា
30-10-2026 22:27
(កំពង់ធំ)៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរដែនដីខេត្តកំពង់ធំ ដែលបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកថ្លែងដូចនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។
លោកបានបន្ដថា ក្នុងឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយ កម្មនិងសំណង់ ខេត្តកំពង់ធំបានខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមតួនាទី ភារកិច្ច និងតាមជំនាញរបស់ខ្លួនដោយសម្រេចបានលទ្ធផលជាក់ស្តែងលើគំរោង និងការដ្ឋានការងារជាច្រើនដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមថា ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានដាក់ចេញនិងកំពង់អនុវត្តផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីរក្សាសន្តិសុខនយោបាយ សន្តិសុខនិងសុវត្ថិភាពសេដ្ឋកិច្ចនិងផ្តល់ទំនុកចិត្តនិងការជឿជាក់លើកម្ពុជា ដោយបានកំណត់ចង្កោមអត្ថិភាពការងារទៅតាមសមរភូមិសំខាន់ៗ ចំនូន៧ រួមមាន៖ សមរភូមិទី១ គីការរៀបចំផ្ទះសម្បែងឲ្យបានរៀបរយ សមរភូមិទី២ គឺការបង្កើតបរិយាកាសគ្មានវិវាទ សមរភូមិទី៣ គឺការងាររៀបចំដែនដី និងនគរូបនីយកម្ម សមរភូមិទី៤ គឺកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច សមរភូមិទី៥ គីស្ថាបត្យកម្មខ្មែរសហសម័យកម្ពុជា សមរភូមិទី៦ គឺការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សមរភូមិទី៧ គីកម្ពុជារុងរឿង និងដង្ហើមសេដ្ឋកិច្ច។
ជាមួយនឹងជោគជ័យនៃការអនុវត្តសមរភូមិទី១ និងទី២ ក្រសួងបានងាកមកជំរុញការងាររៀបចំដែនដី និងនគរូបនីយកម្ម ដោយត្រូវរៀបចំកំណត់តំបន់ប្រើប្រាស់ដី រៀបចំកសាងទីប្រជុំជននិងកែលម្អនិងបង្កើតលំហសាធារណៈឲ្យមានជីវិតនិងធ្វើឲ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅ និងសុខុមាលភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការពង្រឹងខឿនសេដ្ឋកិច្ច សង្គមកម្ពុជាសំដៅប្រែក្លាយកម្ពុជាជាប្រទេសមានភាពរឹងមាំ រស់បានដោយខ្លួនឯង និងមានភាពឯករាជ្យម្ចាស់ការ។
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា ក្នុងឆ្នាំ២០២៦ នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ធំបាននឹងកំពុងជ៉រុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធដោយបានវាស់វែងរួចចំនួន ៦៨.០២៣១ ក្បាលដី។
លទ្ធផលដែលសម្រេចបានជាការរួមចំណែកដល់ការពង្រឹងសុវត្ថិភាពនែការកាន់កាប់និងប្រើប្រាស់ដីធ្លី ដែលរួមចំណែកដល់ការប្រើប្រាស់ដីធ្លីថយចុះ សំដៅរួមចំណែកដល់ការអនុវត្តសមរភូមិទី២ ឲ្យកាន់តែមានប្រសិទ្ធភាព។ ការពង្រឹងសេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយលើការផ្តល់សេវាកម្មសិទ្ធិលើដីធ្លី ការធ្វើចរន្តការកម្មសិទ្ធិដីធ្លី រួមទាំងការងារផ្តល់លិខិតអនុញ្ញាតសាងសង់ឲ្យបានឆាប់រហ័សស្របតាមគោលការណ៍អភិបាលកិច្ចល្អ គីជាភារកិច្ចដ៏ចំបងដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងការជឿជាក់លើស្ថាប័ន អង្គភាព និងអាជ្ញាធររបស់រាជរដ្ឋាភិបាល។
លោកសង្ឃឹមថា សន្និបាតបូកសរុបនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់លោក លោកស្រី ដែលមានវត្តមានចូលរួមនៅថ្ងៃនេះ ក្នុងការផ្សព្វផ្សាយបន្តដល់ស្ថាប័នអង្គភាពរបស់ខ្លួន៕





















