FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ នៅខេត្តស្ទឹងត្រែង

30-10-2026 22:18

(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះអនុរដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដឹកនាំកិច្ចប្រជុំតម្រង់ទិស ដើម្បីផ្តល់អនុសាសន៍ និងទិសដៅការងារដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ក្នុងការបំពេញតួនាទី និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ទេព អស្នារិទ្ធ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។

លោកអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្ត ដែលសម្រេចបាននាពេលកន្លងមក ជាពិសេសកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំខេត្ត រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងការអនុវត្តការងារផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ព័ត៌មានជូនសាធារណជនបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកក៏បានណែនាំ និងតម្រង់ទិសលើការងារអាទិភាពមួយចំនួន ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន ការបញ្ជ្រាបព័ត៌មានពិត និងច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសមិទ្ធផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណជនបានយល់ដឹងកាន់តែច្បាស់ និងចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយនានា។

លោក ទេព អស្នារិទ្ធ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងកិច្ចសហការផ្ទៃក្នុង ព្រមទាំងបន្តអនុវត្តការងារឱ្យស្របតាមទិសដៅរបស់ក្រសួងព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់វិស័យព័ត៌មាននៅក្នុងខេត្តស្ទឹងត្រែងឱ្យកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្តពីសំណាក់សាធារណជន៕