FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្វាយរៀង និងឯកអគ្គរាជទូតអូស្ត្រាលី ជួបពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

30-10-2026 22:15

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ ជំនួបនេះមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជម្រាបជូនអំពីសក្តានុពលសំខាន់ៗ និងសមិទ្ធផលនានារបស់ខេត្តស្វាយរៀង ជាពិសេសវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់។

លោកក៏បានគូសបញ្ជាក់ពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបោសសម្អាតបទល្មើសនេះ។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ និងបរិស្ថាន។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតអូស្ត្រាលី បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្តស្វាយរៀង ជាពិសេសវិស័យឧស្សាហកម្ម និងបានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាប្រឈមសកល។

លោកបានបញ្ជាក់ថា អូស្ត្រាលីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើកិច្ចការនេះ។ ជំនួបនេះរំពឹងថានឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែប្រសើរឡើង៕