FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈទន្តពេទ្យកម្ពុជា ណែនាំដល់ទន្ដពេទ្យទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីធានាដល់ការបម្រើសេវាទន្តសាស្ត្រ ប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ជូនពលរដ្ឋ

30-10-2026 17:08

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានថ្លែងថា គណៈទន្តពេទ្យកម្ពុជា មានកាតព្វកិច្ចរក្សាតម្លៃវិជ្ជាជីវៈ លើកកម្ពស់ការអនុវត្តក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដានៃការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីការពារផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងភាពសុចរិតក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ របស់ទន្តពេទ្យ ពិសេសដើម្បីធានាបានថាប្រជាជនគ្រប់ៗរូប ទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព និងសុវត្ថិភាព។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា នាពេលថ្មីៗនេះ គណៈទន្តពេទ្យកម្ពុជា បានកត់សម្គាល់ឃើញថា អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រមួយចំនួន បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម យ៉ាងអាណាធិបតេយ្យ តាមរយៈបណ្ដាញសង្គម និងព្យាបាលលើសដែនកំណត់វិជ្ជាជីវៈ ធ្វើឱ្យមានការអាប់អោនដល់ឥស្សរភាព សេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈទន្តសាស្ត្រ ប្រាសចាកពីក្រមសីលធម៌ទន្តពេទ្យ ក៏ដូចជាផ្ទុយទៅនឹងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន។

ក្នុងនាមប្រធានគណៈទន្តពេទ្យកម្ពុជា លោកសាស្ដ្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន «សូមអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈទន្ដសាស្ដ្រទាំងអស់ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងភាពសុចរិតក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ របស់ទន្តពេទ្យ និងដើម្បីធានាបានថាប្រជាជនកម្ពុជា ទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ជូនប្រជាពលរដ្ឋ»។

លើសពីនោះលោកប្រកាសមិនគាំទ្រជាដាច់ខាតដល់ការប្រើប្រាស់បណ្តាញ សង្គមនានា ដូចជា៖ Facebook Tik Tok ក្នុងការផ្សព្វផ្សាយរូបភាពមិនគប្បី ឬអាកប្បកិរិយាមិនសមរម្យ រួមទាំងការពិនិត្យ ព្យាបាលលើសដែនកំណត់វិជ្ជាជីវៈ ដែលប៉ះពាល់ដល់ កិត្តិយសវិជ្ជាជីវៈទន្តសាស្ត្ររបស់ទន្តពេទ្យទាំងមូល។

ការលើកឡើងបែបនេះរបស់លោកក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារៈបរិក្ខារ លើកទី៣ ក្រោមប្រធានបទ «ទន្តបណ្ឌិតសម្រាប់អនាគត៖បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងឧត្តមភាព» ដែលមានអញ្ជើញជាអធិបតីពីលោកទន្តបណ្ឌិត សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ សន្និសីទនេះក៏មានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ រួមទាំងសាស្ត្រាចារ្យ ទន្តបណ្ឌិត វាគ្មិនជាតិ និងអន្តរជាតិ។

ក្នុងសន្និសីទនេះដែរ លោកសាស្រ្ដាចារ្យជំនួយ ប៉ូច សុភារ័ត្ន បានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសវាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលខិតខំប្រឹងប្រែងពង្រឹងទាំងសមត្ថភាព និងគុណភាព ក្នុងផ្ដល់សេវាប្រកបដោយភាពកក់ក្ដៅជូនប្រជាជនយើងកន្លងមក ។ជាពិសេសការបានរៀបចំនូវសន្និសីទនេះឡើង ដើម្បីជាគុណប្រយោជន៍នៃការចែករំលែកចំណេះជំនាញ និងបទពិសោធន៍ពីវាគ្មិនជាតិ-អន្ដរជាតិ ជូនក្រុមគ្រូពេទ្យកម្ពុជា។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ បានលើកឡើងថា អង្គសន្និសីទនេះ គឺជាវេទិកាមួយដែលផ្តល់នូវការពិភាក្សា ផ្លាស់ប្តូរ គំនិតយោបល់ថ្មីៗ លទ្ធផលនៃការអនុវត្ត និងស្រាវជ្រាវគ្លីនិក ដែលអាចឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាល ថែទាំសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ។ អស់រយៈពេលជិតពីរទសវត្សមកហើយ ដែលគណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា។ ដោយមានកម្មវិធីសិក្សាហ្មត់ចត់ ស្របតាមក្របខណ្ឌបទបញ្ញាតិរឹងម៉ាំ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ទន្តពេទ្យ ក្នុងការពិនិត្យព្យាបាលថែទាំ ផ្អែកលើលក្ខណៈវិទ្យាសាស្រ្ត ក្រមសីលធម៌វិជ្ជាជីវៈ វិស័យទន្តសាស្រ្តរបស់យើងមានការរីកចម្រើនគួរជាទីមោទន។ ដែលអាចធានាបានថា ប្រជាជនកម្ពុជា ទទួលបានសេវាទន្តសាស្រ្តប្រកបដោយគុណភាព។

ឆ្លៀតក្នុងឱកាសនោះដែរលោកទន្តបណ្ឌិត សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា ក៏ផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គសន្និសីទទន្ដសាស្ដ្រ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងលឿន ផ្នែកទន្តសាស្ត្រឌីជីថល និងការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ ជាពិសេសការបង្កើននូវសមត្ថភាពបច្ចេកទេស ក្នុងការអនុវត្ដគ្លីនិកគឺជាការចាំបាច់ណាស់សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។កាន់តែសំខាន់ជាងនេះទៅទៀត គឺការប្រតិបត្តិប្រកបដោយក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការផ្តល់គម្រោងព្យាបាល និងការព្យាបាលប្រកបដោយសមធម៌ ដោយតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពអតិថិជន និងអ្នកជំងឺជាធំ៕