FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងជាក់ស្តែង

30-10-2026 16:51

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធីអបអរសាទរបុណ្យជាតិម៉ាឡេស៊ីលើកទី៦៩ ដែលរៀបចំឡើងដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងអង្គទូត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាង២០០រូប។

ក្នុងឱកាសនោះ លោក Shaharuddin Onn បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការបន្តថែរក្សាចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ ខាងមុខ។ លោកក៏បានលើកឡើងពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ យុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» (Green Season) និងការលើកកម្ពស់ទេសចរណ៍ដែលងាយស្រួលសម្រាប់ភ្ញៀវមូស្លីម (Muslim-Friendly) ការជំរុញលំហូរទេសចរ ការតភ្ជាប់ជើងហោះហើរត្រង់ ព្រមទាំងការវិនិយោគរបស់ម៉ាឡេស៊ីក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានអញ្ជើញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសចូលរួមទស្សនាព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Francophonie Village) ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសដល់ភ្ញៀវទេសចរបានស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងឱកាសវិនិយោគថ្មីៗនៅកម្ពុជា៕