ក្រសួងការងារ និងអង្គការ UNIDO រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការសហគ្រាស
30-10-2026 16:44
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារស្វ៊ីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តាមរយៈកម្មវិធី «មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)» បានរៀបចំដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល (ToT) ស្ដីពី «ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ីង ស៊ីដេត បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ដើម្បីលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាល និងធានាថា សិស្សទទួលបានចំណេះដឹង និងជំនាញស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាស ជាពិសេសជំនាញពាក់ព័ន្ធនឹងអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ។ លោកក៏បានណែនាំដល់សិក្ខាកាមឱ្យយកចំណេះដឹង ព្រមទាំងបទពិសោធអនុវត្តជាក់ស្ដែងពីវគ្គបណ្ដុះបណ្ដាលនេះទៅបន្តផ្ទេរដល់សិស្ស និងអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្ដុះបណ្ដាលនេះមានគ្រូបង្គោលចូលរួមចំនួន ២៥នាក់ (ស្រី ១៤ នាក់) មកពីគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១៨ គ្រឹះស្ថាន ក្នុងជំនាញកែច្នៃចំណីអាហារ ដុតនំ កាហ្វេ និងជំនាញពាក់ព័ន្ធ។ ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាពម្ហូបអាហារ ការអនុវត្តអនាម័យល្អ (GHPs) គោលការណ៍ HACCP ការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាផលិតផលចំណីអាហារ។ លទ្ធផលសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺការពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការផ្ទេរចំណេះដឹង និងជំនាញអនុវត្តជាក់ស្ដែងទៅកាន់សិស្ស TVET ដើម្បីឱ្យសិស្សបញ្ចប់ការសិក្សាមានជំនាញសុវត្ថិភាពម្ហូបអាហារ និងត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ចូលបម្រើការងារ នៅតាមសហគ្រាស។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញដែលបានកំណត់ឃើញពីសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាលកម្មវិធី DEY III នៅខេត្តបាត់ដំបង កាលពីខែឧសភា ឆ្នាំ២០២៦។ ការផ្សារភ្ជាប់ការបណ្ដុះបណ្ដាល TVET ជាមួយតម្រូវការជាក់ស្ដែងរបស់សហគ្រាស នឹងរួមចំណែកកាត់បន្ថយគម្លាតជំនាញ លើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាស និងបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា។ ការពង្រឹងសមត្ថភាពគ្រូបង្គោល TVET គឺជាជំហានសំខាន់ក្នុងការកសាងកម្លាំងពលកម្ម ដែលមានជំនាញស្របតាមតម្រូវការសហគ្រាស និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕










