FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានឱកាសច្រើនជាងមុន តែចង់បានការគាំពារពីរាជរដ្ឋាភិបាល (Video inside)

30-10-2026 16:40

(ភ្នំពេញ)៖ លោកស្រី លី ពិសី ប្រធានសម្របសម្រួលអង្គការសហគមន៍ឥន្ទធនូកម្ពុជា «RoCK» បានអំពាវនាវរាជរដ្ឋាភិបាលកម្ពុជា ពិចារណាផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ដល់អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីធានាសិទ្ធិស្មើគ្នា និងការការពារតាមផ្លូវច្បាប់ដូចប្រជាពលរដ្ឋដទៃទៀត។

ប្រធាន «អង្គការសហគមន៍ឥន្ទធនូកម្ពុជា» ដែលហៅកាត់ថា «RoCK» អំពាវនាវយ៉ាងដូច្នេះ ក្រោយមានប្រទេសចំនួន៣៩ នៅលើពិភពលោក បានផ្ដល់សិទ្ធរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីទទួលបានសមភាពដូចប្រជាពលរដ្ឋទូទៅដែរ។

លោកស្រីបានលើកឡើងថា សំបុត្រអាពាហ៍ពិពាហ៍មិនត្រឹមតែជាចំណងនៃសេចក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តរវាងដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការទទួលបានសិទ្ធិជាគ្រួសារស្របច្បាប់ ដូចជាការស្មុំកូន ការទទួលមរតក ការកាន់កាប់ទ្រព្យសម្បត្តិរួម និងការការពារសិទ្ធិរបស់សមាជិកគ្រួសារផងដែរ។

លោកស្រីបានឲ្យដឹងថា ចាប់ផ្តើមពីសមាជិកត្រឹមតែ៥នាក់ បច្ចុប្បន្ន «RoCK» មានសមាជិកកើនឡើងដល់ប្រមាណ៤,០០០នាក់ និងសម្រេចបានសមិទ្ធផលសំខាន់ៗ រួមមាន ការទទួលស្គាល់ពីឪពុកម្តាយ អាជ្ញាធរមូលដ្ឋាន និងការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា ការទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសិទ្ធិមនុស្ស សមភាព និងយុត្តិធម៌សង្គម ព្រមទាំងរួមចំណែកលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ៕