FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

30-10-2026 16:34

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោកស្រី Iwama Nozomi ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះលោកស្រី Iwama Nozomi ក្នុងឱកាសទទួលបានការតែងតាំងជាប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅកម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារ JICA នឹងត្រូវបានពង្រឹងមួយកម្រិតទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោក Sanui Kazumasa អតីតប្រធានតំណាង JICA ប្រចាំនៅកម្ពុជា ដែលក្នុងអាណត្តិការងារកន្លងមកបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញ និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ជំនួបនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន៕