FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារចុះពិនិត្យ និងវាយតម្លៃអគារសិក្សាចំនួន ៣ទីតាំង នៅខេត្តកោះកុង ដើម្បីជួសជុល និងសាងសង់ឡើងវិញ

30-10-2026 16:27

(កោះកុង)៖ លោក ផូរ សុធារៈ អនុប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា តំណាងលោកអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមការងារ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃអគារសិក្សាចំនួន៣ទីតាំង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងនោះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ តំណាងរដ្ឋបាលខេត្តកោះកុង, លោក ឃួន ងុយ ប្រធានការិយាល័យផែនការ និងគ្រប់គ្រងជំនួយ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង លោក ភុំ ថេ មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា តំណាងរដ្ឋបាលស្រុកមណ្ឌលសីមា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ។

សាលារៀនទាំង ៣ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ រួមមាន៖

១៖ សាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង
២៖ សាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង
៣៖ សាលាបឋមសិក្សា-អនុវិទ្យាល័យ ទៀបាញ់ តាចាត ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ។

ផ្អែកលើលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង ក្រុមការងារនឹងបន្តបូកសរុបព័ត៌មាន និងកំណត់អាទិភាព ដើម្បីឈានទៅអនុវត្តការងារជួសជុល និងសាងសង់ឡើងវិញ សំដៅលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធអប់រំ និងផ្តល់ជូនសិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាព៕