FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត អូន សំអុល ដឹកនាំក្រុមការងារ ចុះពិនិត្យអគារសិក្សាចំនួន ៨ទីតាំង នៅខេត្តព្រះសីហនុ ដើម្បីជួសជុល និងសាងសង់ឡើងវិញ

30-10-2026 16:11

(ព្រះសីហនុ)៖ ដោយមានការចាត់តាំងពីលោកអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា, លោកបណ្ឌិត អូន សំអុល ប្រធានលេខាធិការដ្ឋានក្រុមការងារ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែង នៃអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងនោះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ, លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរងស្រុកព្រៃនប់, លោក ពឹត បូ ប្រធានក្រុមប្រឹក្សាឃុំព្រៃនប់, លោកស្រី ទួន ចរិយា ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់សីលា ព្រមទាំងលោក លោកស្រី ជានាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស។

សាលារៀនទាំង ៨ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ មានអគារសិក្សាសរុបចំនួន ៩ ខ្នង ស្មើនឹង ៤៨ បន្ទប់ ដោយការចុះពិនិត្យត្រូវបានធ្វើឡើងនៅពេលព្រឹក និងពេលរសៀល រួមមាន៖

នៅពេលព្រឹក ក្រុមការងារបានចុះពិនិត្យសាលារៀនចំនួន ៣ ទីតាំង រួមមាន៖

១៖ សាលាបឋមសិក្សាបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ក្រុងកំពង់សោម មានអគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់
២៖ សាលាបឋមសិក្សា ហ៊ុន សែន ជើងគោ ស្ថិតនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
៣៖ សាលាបឋមសិក្សា ហ៊ុន សែន បត់សិរមាន់ ស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់

ដោយឡែកនៅពេលរសៀល ក្រុមការងារបានបន្តចុះពិនិត្យសាលារៀនចំនួន ៥ ទីតាំង រួមមាន៖

១៖ សាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងគា ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ មានអគារសិក្សា ២ ខ្នង ស្មើនឹង ១០ បន្ទប់
២៖ សាលាបឋមសិក្សា ហ៊ុន សែន ដូងប្រេង ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
៣៖ សាលាបឋមសិក្សា ហ៊ុន សែន តានៃ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
៤៖ សាលាបឋមសិក្សាស្ទឹងឆាយ ស្ថិតនៅភូមិស្ទឹងឆាយ ឃុំកំពង់សីលា ស្រុកកំពង់សីលា មានអគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់
៥៖ សាលាបឋមសិក្សាស្ទឹងសំរោង ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា មានអគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់។

ផ្អែកលើលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង ក្រុមការងារនឹងបន្តបូកសរុបព័ត៌មាន និងកំណត់អាទិភាព ដើម្បីឈានទៅអនុវត្តការងារជួសជុល និងសាងសង់ឡើងវិញ សំដៅលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធអប់រំ និងផ្តល់ជូនសិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាព៕