FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបានជាង៦៥% ត្រឹមចុងខែតុលា ឆ្នាំ២០២៦

30-10-2026 15:57

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមចុងខែតុលា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់មួយ បានសម្រេចការងារសាងសង់បាន ៦៥,១% ហើយ។ ស្ពាននេះមានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

គម្រោងស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ស្ពាននេះគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨ ដោយចំណាយពេលសាងសង់សរុប ៤៨ខែ។

ស្ពានដីឥដ្ឋ-ថ្មគរ គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ។ ស្ពាននេះនឹងភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវជាតិលេខ៧០B។

បច្ចុប្បន្នការដ្ឋានសាងសង់កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀត ដើម្បីធានាការសាងសង់តាមផែនការដែលបានគ្រោងទុក និងរួមចំណែកដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិ។

សូមបញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរ ត្រូវបានសាងសង់ជាប្រភេទស្ពានបេតុង ដែលមានប្រវែងសរុប ៣.៧០០ម៉ែត្រ។ ក្នុងនោះតួស្ពានមានប្រវែង ១.៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែង ២.១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងមានផ្លូវបង្វែរទិសចរាចរណ៍ចំនួន ៤ខ្សែ។ ស្ពាននេះក៏មានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាពទទឹង ១១០ ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ៕