ក្រសួងវប្បធម៌ អនុញ្ញាតឲ្យរៀបចំទីតាំងបុរាណ «ទួលអង្គកំណប់» និងស្ថាបនាផ្លូវបេតុងកាត់ពីមុខ ដើម្បីបម្រើប្រយោជន៍សាធារណៈ
30-10-2026 15:18
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យនាយកដ្ឋានបុរាណវិទ្យា រៀបចំទីតាំង «ទួលអង្គកំណប់» និងស្ថាបនាផ្លូវបេតុងកាត់ពីមុខទួលនេះ ស្ថិតនៅភូមិចុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការសម្រេចរបស់ក្រសួងវប្បធម៌ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីមានការស្នើសុំពីលោក គា ឆេងលីម តំណាងក្រុមហ៊ុនបុរី «គា ឆេងលីម» ព្រមទាំងការស្នើសុំពីនាយកដ្ឋានបុរាណវិទ្យា។
ក្រសួងបានកំណត់ឱ្យនាយកដ្ឋានបុរាណវិទ្យា សហការជាមួយលោក គា ឆេងលីម រៀបចំកែលម្អបរិវេណ «ទួលអង្គកំណប់» ដោយរៀបចំធាតុបល្ល័ង្កតាមរចនាបថខ្មែរ ដាក់ស្លាកព័ត៌មាន និងរៀបចំសួនច្បារ ដើម្បីបើកឱ្យសាធារណជនចូលទស្សនា គោរពបូជា សិក្សាស្រាវជ្រាវ និងស្វែងយល់ពីតម្លៃបេតិកភណ្ឌវប្បធម៌ រាល់ការចំណាយលើការរៀបចំនេះ ជាបន្ទុករបស់ក្រុមហ៊ុន។
ចំពោះគម្រោងស្ថាបនាផ្លូវបេតុង ក្រសួងបានបញ្ជាក់ពីការអនុញ្ញាត ដោយយោងតាមការវាយតម្លៃថា ទីតាំងគម្រោងមិនប៉ះពាល់ដល់បូរណភាពទួលប្រាសាទឡើយ ព្រមទាំងមានគោលបំណងបម្រើប្រយោជន៍សាធារណៈ។
ជាមួយគ្នានេះ ក្រសួងបានសង្ឃឹមថា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នឹងចាត់ចែង និងអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ការសម្រេចនេះ គឺជាជំហានមួយក្នុងការរួមបញ្ចូលការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាមួយនឹងការរៀបចំ និងអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ ដើម្បីទុកជាប្រយោជន៍សម្រាប់សហគមន៍ និងមនុស្សជំនាន់ក្រោយ៕














