FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាតកម្ម! វាយសម្លាប់ប្រពន្ធនៅស្រុកត្រាំកក់ ខេត្តតាកែវ, ជនល្មើសជាប្តីត្រូវនគរបាលចាប់ខ្លួន

30-10-2026 15:09

(តាកែវ)៖ ស្ត្រីម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយប្តីវាយ ហើយប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅនីតា អាយុ៣១ឆ្នាំ ខ្មែរឥស្លាម មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ណុប ស៊ុនហាក់ អាយុ៣០ឆ្នាំ។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញស្រុកត្រាំកក់ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ បានចុះពិនិត្យកន្លែងកើតហេតុ និងសាកសព។ តាមការពិនិត្យ ជនរងគ្រោះមានស្លាកស្នាមរបួសជាច្រើនកន្លែងនៅលើក្បាល មុខ ដើមទ្រូង និងជើង។

ក្នុងអំឡុងពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានឈ្លោះប្រកែកជាមួយប្រពន្ធ រួចបានយកដងពូថៅឈើដែលគ្មានផ្លែ វាយទៅលើប្រពន្ធ បណ្តាលឱ្យស្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕