មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំបូកសរុបការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រីមាសទី៣ នៅខេត្តស្ទឹងត្រែង
30-10-2026 14:57
(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបូកសរុបចលនាការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់ត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោក ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ក្នុងនោះក៏មានការចូលរួមពី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរក្រុងស្រុក-ឃុំសង្កាត់ពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ ក្នុងគោលបំណងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុខុមាលភាពសង្គម ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ និងបូកសរុបការងារ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាយ៉ាងសកម្មពី គណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងការចង្អុលបង្ហាញដ៏ម៉ត់ចត់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់បានលះបង់កម្លាំងកាយចិត្ត ប្រឹងប្រែងបំពេញ តួនាទីស្នូល ក្នុងការថែរក្សាការពារសន្តិសុខ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងបន្ថែមថា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារថែរក្សាសន្តិសុខមូលដ្ឋាន គ្រប់មជ្ឈដ្ឋានទាំងអស់ត្រូវបន្តចូលរួមសហការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ដូចជាការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលកើតមានឡើងជាយថាហេតុ។
ក្នុងឱកាសនោះ លោក ទូច ណារ៉ុថ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលជាផ្លែផ្កា។
ដើម្បីជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចខេត្តយកទៅអនុវត្ត៖
* កម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់លើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយត្រូវដោះស្រាយឲ្យបានយ៉ាងតិច៨៥ភាគរយ និងដាច់ខាតមិនត្រូវទុកចោលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឡើយ
* ត្រូវជំរុញការរៀបចំវេទិកាសាធារណៈឲ្យបានញឹកញាប់ ដើម្បីបើកទូលាយឲ្យប្រជាពលរដ្ឋបានលើកឡើងពីទុក្ខកង្វល់ និងសំណូមពរនានានៅមូលដ្ឋាន
* បន្តជំរុញការឧបត្ថម្ភ និងជួយដោះស្រាយជីវភាពដល់គ្រួសារកងកម្លាំងពលីក្នុងបុព្វហេតុជាតិសាសន៍
* ត្រូវសហការគ្នាចាត់វិធានការទប់ស្កាត់ និងបកស្រាយបំភ្លឺព័ត៌មានមិនពិត (Fake News) ឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យមានការយល់ច្រឡំក្នុងសង្គម
* ការប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវតែបន្តជំរុញអនុវត្តឲ្យស៊ីជម្រៅ ដើម្បីធានាបាននូវភាពសុខដុមរមនា និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួន៕





















