អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យស្ថានភាពទឹកក្នុងអាងស្ដុកធំៗ និងណែនាំពលរដ្ឋប្រើប្រាស់ដោយសន្សំសំចៃខ្ពស់
30-10-2026 14:54
(បន្ទាយមានជ័យ)៖ ដើម្បីជាវិធានការក្នុងការស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង ដែលអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះពិនិត្យវាយតម្លៃពីស្ថានភាពទឹកនៅតាមមូលដ្ឋានក្រុង-ស្រុក ចំនួន៦ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសអាងស្តុកទឹកធំៗ ដែលមាននៅក្នុងមូលដ្ឋាន នាថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៦។
ក្នុងនោះលោក អ៊ុំ រាត្រី បានបញ្ជាមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ដើម្បីបិទទឹកនៅក្នុងអាងនីមួយៗ ដែលមាននៅក្នុងស្រុក និងឃុំ ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំង ដោយសារតែនៅឆ្នាំ២០២៧ខាងនេះ កម្ពុជាទទួលរងឥទ្ធិពលរលកកម្តៅខ្លាំង ប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោកបានអំពាវនាវប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់ ខណៈដែលយើងអាចប្រឈមទៅនឹងការខ្វះខាតទឹកនារដូវប្រាំង នាពេលខាងមុខ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំអាជ្ញាធរមូលដ្ឋានឃុំ ត្រូវសិក្សាអំពីលទ្ធភាពនៃការស្ដារអាង បឹង ឬប្រឡាយទៅតាមលទ្ធភាពដលអាចធ្វើទៅបាន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសំដៅធ្វើយ៉ាងណាមានទឹក សម្រាប់ប្រើប្រាស់គ្រប់គ្រាន់។
សូមបញ្ជាក់ថា យោងតាមទិន្ន័យរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ប្រព័ន្ធធារាសាស្រ្តពេញលេញ ដែលមានប្រភពទឹក ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព និងប្រឡាយដោះទឹក សុរបមានចំនួន៩៣កន្លែង ទូទាំង៩ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ៕






















