FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការប្រចាំការ ឈឹម សៅគី ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពការងារថែទាំខួបផ្លូវ ២គម្រោង នៅខេត្តកំពង់ឆ្នាំង

30-10-2026 14:12

(កំពង់ឆ្នាំង)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការ​ប្រចាំការ​តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរ​ក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់​សុពលភាព​ការងារថែទាំខួបផ្លូវចំនួន ២គម្រោង នៅខេត្តកំពង់ឆ្នាំង ដែលគម្រោងទាំងពីរនេះ អនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

គម្រោងទី១៖ ការងារថែទាំខួបផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែងជាង ៥ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ និងក្រាលបេតុងចំនួនពីរទីតាំង ប្រវែងសរុប ៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងគំនូសចរាចរណ៍ទំហំជាង ១,១ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងឃុំចំនួន ៤ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គម្រោងទី២៖ ការងារថែទាំខួបផ្លូវចំនួន១កំណាត់ ប្រវែង ៦ពាន់ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងជាង ៥,៧ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ និងក្រាលបេតុងប្រវែង ២៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងគំនូសចរាចរណ៍ទំហំជាង ១ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងឃុំចំនួន៤ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក ឈឹម សៅគី បានលើកឡើងថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទក្រោមការដឹកនាំរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចុះពិនិត្យដោយផ្ទាល់នៅតាមបណ្តាខេត្តនានាជាប្រចាំ នៅលើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនាស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងផ្លូវខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ច ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ ក្នុងនោះក្រៅពីការធ្វើដំណើរ, ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក៏បម្រើដល់ការដឹកជញ្ជូនផងដែរ តាមរយៈការដឹកជញ្ជូនសម្ភារៈទៅកាន់ស្រែចម្ការ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា និងក៏ជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងកែប្រែលក្ខខណ្ឌរស់នៅតាមសហគមន៍ជនបទឱ្យមានជីវភាពកាន់តែប្រសើរ។

លោករដ្ឋលេខាធិការប្រចាំការ ឈឹម សៅគី ក៏បានសំណូមពរសូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅខាងផ្លូវ សូមចូលរួមជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ ដើម្បីធានាថា ផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន៕