ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ច្រានចោលព័ត៌មានមិនពិត ពីឱកាសការងារប្រាក់ខែខ្ពស់នៅប្រទេសរុស្ស៊ី ដែលផ្សព្វផ្សាយតាមបណ្ដាញសង្គម
30-10-2026 12:37
(ភ្នំពេញ)៖ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានចេញមុខច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធនឹងឱកាសការងារនៅប្រទេសរុស្ស៊ី ដែលមានប្រាក់បៀវត្សរ៍ខ្ពស់ក្នុងវិស័យសន្តិសុខនៅប្រទេសរុស្ស៊ី ដែលមានការចែកចាយនៅតាមបណ្ដាញសង្គម។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដែលចេញផ្សាយថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។
តាមរយៈសារអត្ថាធិប្បាយជុះវិញករណីបោកប្រាស់នេះ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា៖ «មានការផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួននៅលើបណ្តាញសង្គម ដែលផ្តល់ជូនពលរដ្ឋកម្ពុជានូវការងារដែលមានប្រាក់បៀវត្សរ៍ខ្ពស់ក្នុងវិស័យសន្តិសុខនៅប្រទេសរុស្ស៊ី។ ព័ត៌មានដែលមិនអាចទុកចិត្តបានទាំងនេះ ត្រូវបានផ្សព្វផ្សាយឡើងដោយគ្មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡើយ។ នេះគឺជាល្បិចកលបោកប្រាស់មួយទៀត ដែលប្រើប្រាស់និមិត្តសញ្ញារបស់សហព័ន្ធរុស្ស៊ីសម្រាប់គោលបំណងឧក្រិដ្ឋកម្ម»។
ក្នុងន័យនេះ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានសូមអំពាវនាវឱ្យសាធារណជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងកុំឆ្លើយតបទៅនឹងការផ្តល់ជូនការងារដែលមានលក្ខណៈគួរឱ្យសង្ស័យ ឬសន្យាផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់។ ចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីនិយោជក ឬភ្នាក់ងារ លក្ខខណ្ឌការងារ និងនីតិវិធីនៃការរៀបចំឯកសារ។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានបន្តទៀតថា៖ «លោកអ្នកមិនគួរផ្ទេរប្រាក់ ផ្តល់ព័ត៌មានលម្អិតនៃលិខិតឆ្លងដែន ឬចែករំលែកច្បាប់ចម្លងនៃឯកសារផ្ទាល់ខ្លួនទៅឱ្យបុគ្គលដែលមិនស្គាល់អត្តសញ្ញាណឡើយ រហូតទាល់តែមានការផ្ទៀងផ្ទាត់ថាការផ្តល់ជូននោះស្របច្បាប់ និងពិតប្រាកដ»។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់និមិត្តសញ្ញារុស្ស៊ី ឬរូបភាពដែលពាក់ព័ន្ធនឹងសហព័ន្ធរុស្ស៊ី មិនមែនមានន័យថាការផ្តល់ជូននោះជាការផ្លូវការ ឬមានទំនាក់ទំនងជាមួយអាជ្ញាធរសាធារណៈរបស់រុស្ស៊ីនោះទេ។ ប្រសិនបើលោកអ្នកមានការសង្ស័យអំពីភាពគួរឱ្យទុកចិត្តនៃការផ្សព្វផ្សាយការងារនៅប្រទេសរុស្ស៊ី ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា សូមណែនាំឱ្យស្វែងរកព័ត៌មានពីប្រភពដែលមានសមត្ថកិច្ច រួមទាំងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាផងដែរ។
សូមជម្រាបថា នៅពេលថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈកម្ពុជា ធ្លាប់បានចេញមុខច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត និងការផ្សព្វផ្សាយបោកប្រាស់ ជុំវិញការជ្រើសរើសពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសរុស្ស៊ី ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ និងអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ជុំវិញបញ្ហានេះលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអះអាងថា កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅរុស្ស៊ីនៅឡើយ៕
