អាល្លឺម៉ង់ ប្តេជ្ញាបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈហិរញ្ញប្បទាន និងការទាក់ទាញវិនិយោគ
30-10-2026 12:09
(ភ្នំពេញ)៖ អាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ស្របតាមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ខណៈក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាមេរិក។
អាល្លឺម៉ង់បង្ហាញការប្តេជ្ញាចិត្តបែបនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៦។ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោកស្រីចាប់ផ្ដើមបំពេញបេសកកម្មការទូតនៅកម្ពុជា។
អាល្លឺម៉ង់ ត្រូវបានចាត់ទុកជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់មួយក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។ ជាក់ស្ដែង ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាមេរិក ដែលក្នុងនោះមានហិរញ្ញប្បទានឥតសំណង/ជំនួយបច្ចេកទេសចំនួន ៧៦២ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាមេរិក។ ជំនួយទាំងនេះបានគ្របដណ្ដប់លើវិស័យគន្លឹះជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ អភិវឌ្ឍន៍ជនបទ ថាមពល សុខាភិបាល ការដោះមីន និងអភិបាលកិច្ច។
ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Silke Röfer អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាល្លឺម៉ង់ កន្លងមក។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលដៅរបស់កម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ ដោយតម្រូវឲ្យរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការទាក់ទាញវិនិយោគបរទេស។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្តផ្តល់ការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា និងជួយសម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបមក វិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ។
លោកស្រី Silke Röfer បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងសមិទ្ធផលនៃការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល កម្ពុជា ។
លោកស្រីបន្តថា អាល្លឺម៉ង់ ប្ដេជ្ញាចិត្តបន្តគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈ KfW និង GIZ ស្រប តាមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរអំពី ចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា នៅក្នុងវិស័យ ដែលមានសក្ដានុពល៕







