អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ «ម.ស្មើ.ម» លើកទី៥ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»
30-10-2026 11:13
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការ «មស្មើម» (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើ មិនចម្លងមេរោគអេដស៍ទៅដៃគូ) លើកទី៥ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ» នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមានលោក លោកស្រី និងអ្នកនាងកញ្ញាជាតំណាងក្រសួងសុខាភិបាល, កាកបាទក្រហមកម្ពុជា, រដ្ឋបាលរាជាធានីភ្នំពេញ, នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា, ឡាវ, ម៉ាឡេស៊ី និងវៀតណាម, តំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ, បណ្តាញប្រជាជនគន្លឹះ និងជាពិសេសអ្នករស់នៅជាមួយមេរោគអេដស៍។
បន្ទាប់ពីមតិរបស់តំណាងអ្នករស់នៅជាមួយមេរោគអេដស៍ រដ្ឋបាលរាជធានីភ្នំពេញ អង្គការយូអិនអេដស៍ កាកបាទក្រហមកម្ពុជា និងក្រសួងសុខាភិបាលរួចមក លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ការជួបជុំគ្នានៅក្នុងយុទ្ធនាការ «មស្មើម» (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើ មិនចម្លងមេរោគអេដស៍ទៅដៃគូ) នៅព្រឹកនេះ គឺមិនមែនត្រឹមតែជាការដង្ហែក្បួនសាធារណៈ និងជាពិធីអបអរសាទរធម្មតានោះទេ ប៉ុន្តែ គឺជាការប្តេជ្ញាចិត្តនយោបាយកម្រិតខ្ពស់បំផុតរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូចដែលសម្តេចធិបតីបានគូសបញ្ជាក់ ការឆ្លើយតបថ្នាក់ជាតិរបស់យើងត្រូវតែឈានចូលដល់ «ដំណាក់កាលរុញច្រានចុងក្រោយ» ដោយស្វែងរក និងលុបបំបាត់គម្លាតនៃការធ្វើតេស្តរកមេរោគ ឈានទៅដល់ការស្វែងរកអ្នកផ្ទុកមេរោគ ដែលមិនទាន់ដឹងពីស្ថានភាពរបស់ខ្លួន និងការកសាងចីរភាពរយៈពេលវែង សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ជាតិរបស់យើង។
លោកទេសរដ្ឋមន្ត្រីបានបន្តថា នៅពីក្រោយសមិទ្ធផលនានាដែលសម្រេចបាន និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺកើតចេញពីការលះបង់យ៉ាងសកម្ម មិនអាចកាត់ថ្លៃបាននៃបណ្តាញសហគមន៍របស់យើង រួមមាន FoNPAM DFoNPAM CPN+ និងAUA។ បណ្តាញសហគមន៍ជាអ្នករួមចំណែករៀបចំគោលនយោបាយ និងជាកម្លាំងចលករយ៉ាងសកម្ម។ តាមរយៈការចុះស្រាវជ្រាវដល់ក្រុមប្រជាជនប្រឈមខ្ពស់ ការតម្រង់ទិស និងការតាមដានដឹកនាំដោយសហគមន៍ បណ្តាញសហគមន៍បានធានាថា សេវាសុខាភិបាលត្រូវបានផ្តល់ជូនដោយក្តីមេត្តាករុណា និងមានគណនេយ្យភាពនៅថ្នាក់មូលដ្ឋាន។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា គឺបានក្លាយជាប្រទេសទី១ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅសកល ៩៥-៩៥-៩៥។ សមិទ្ធផលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ ពីការដឹកនាំ និងបច្ចេកទេសដ៏ប៉ិនប្រសប់របស់ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ តាមរយៈការរៀបចំលិខិតបទដ្ឋានបច្ចេកទេស ការចាប់ផ្តើមព្យាបាលរហ័ស (Test & Treat) ការធានាបាននូវច្រវាក់នៃការផ្គត់ផ្គង់ឱសថ ប្រឆាំងមេរោគអេដស៍មិនឱ្យរអាក់រអួល និងការធ្វើតេស្តតាមដានកម្រិតមេរោគ ដែលក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលបានបង្កើតនូវគ្រឹះថែទាំសុខភាពដ៏រឹងមាំ។ ការពង្រីកសេវាថែទាំអេដស៍ ប្រកបដោយគុណភាពនៅទូទាំងប្រទេស ការអនុវត្តបទដ្ឋានប្រឆាំងការរើសអើង និងការបង្កើតសេវាដែលមានលក្ខណៈមេត្រីភាព សម្រាប់ក្រុមប្រជាជនប្រឈមមុខខ្ពស់ ដោយភ្ជាប់ជាមួយប្រព័ន្ធគាំពារសង្គម គឺជាការតភ្ជាប់វិទ្យាសាស្ត្រសង្គ្រោះជីវិត ទៅកាន់ការថែទាំប្រកបដោយសេចក្តីថ្លៃថ្នូរ និងក្តីមេត្តាករុណាយ៉ាងពិតប្រាកដ។
បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ទោះជាយើងសម្រេចបានសមិទ្ធផលធំធេងយ៉ាងណាក៏ដោយ បើយោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦នេះ បានរំឭកយើងពីចំណុចសំខាន់ៗ ដែលត្រូវបន្តយកចិត្តទុកដាក់ដូចខាងក្រោម៖
- អ្នកជំងឺសរុបកំពុងទទួលការព្យាបាល មានចំនួន ៧២ ៤៦០នាក់។
- អ្នកជំងឺថ្មីចុះឈ្មោះទទួលការថែទាំ មានចំនួន ១ ២៣៥នាក់។
- ប្រជាជនរស់នៅជាមួយមេរោគអេដស៍ ដែលមិនទាន់ដឹងស្ថានភាពឆ្លងមេរោគអេដស៍របស់ខ្លួន តាមការប៉ាន់ស្មាន មានចំនួនពី ៣ ០០០ ទៅ ៤ ០០០នាក់។
- ករណីឆ្លងថ្មីប្រចាំឆ្នាំលើក្រុមប្រជាជនប្រឈមខ្ពស់ មានប្រមាណ៨០% នៃចំនួនអ្នកឆ្លងសរុប ប្រចាំឆ្នាំចំនួន ៩៦០ករណី។
តួលេខទាំងនេះបានរំឭកយើងយ៉ាងច្បាស់ថា យើងមិនអាចធ្វេសប្រហែសបានឡើយ។ យើងត្រូវតែផ្លាស់ប្តូរទៅជា «វិធីសាស្ត្រពង្រឹងប្រព័ន្ធ» ដោយកសាងនូវបរិយាកាសស្ថាប័នដែលធានាថា ផ្តល់សេវាប្រកបដោយភាពរលូន គ្មានការរើសអើង និងមានចីរភាពហិរញ្ញវត្ថុ។
មុននឹងប្រកាសបើកយុទ្ធនាការ លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ក្រសួងសុខាភិបាល កាកបាទក្រហមកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ អង្គការដៃគូជាតិ-អន្តរជាតិ និងជាពិសេសបណ្តាញសហគមន៍ជួរមុខទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមដៃគ្នាក្នុងការលុបបំបាត់ការរើសអើង លើកកម្ពស់នូវសេចក្តីថ្លៃថ្នូរ ដោយធ្វើការរួមគ្នាដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរួម គឺការបញ្ចប់ជំងឺអេដស៍ ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា ឱ្យបានត្រឹមឆ្នាំ២០២៨៕




















