អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកចំណាត់ថ្នាក់ដែលរាយការណ៍ដោយ World Justice Project មិនឆ្លុះបញ្ចាំងពេញលេញ នៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
30-10-2026 10:44
(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់អំពីការវាយតម្លៃប្រព័ន្ធយុត្តិធម៌របស់កម្ពជា ដោយរបាយការណ៍សន្ទស្សន៍នីតិរដ្ឋរបស់ World Justice Project (WJP) សម្រាប់ឆ្នាំ២០២៦ ដែលដាក់ចំណាត់ថ្នាក់របស់កម្ពុជាមានការកើនឡើងវិជ្ជមានមួយលេខ ពី១៤១ មក ១៤០ ក៏ដោយ ក៏ចំណាត់ថ្នាក់នេះនៅតែមិនទាន់ឆ្លុះបញ្ចាំងពេញលេញ អំពីទិដ្ឋភាពជាក់ស្តែង នៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជានោះទេ។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌, WJP មិនបានយករបាយការណ៍នោះធ្វើការពិគ្រោះយោបល់ ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ឬស្ថាប័នរដ្ឋដែលជាអ្នកអនុវត្តច្បាប់ផ្ទាល់ឡើយ។ ជាទូទៅ ការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិមួយចំនួន រួមទាំង WJP ផង គឺភាគច្រើនផ្អែកតែលើការស្ទង់មតិ និងការវាស់ស្ទង់ទៅលើការយល់ឃើញ ដែលភាសាអង់គ្លេស ហៅថា Perception-based ដែលរបាយការណ៍នេះ មិនមែនជាកញ្ចក់ឆ្លុះបញ្ចាំងការពិតទាំងស្រុងនៃវិស័យយុត្តិធម៌នៅកម្ពុជានោះទេ។ ដូច្នេះ ការយល់ឃើញទាំងនេះ មិនស្របគ្នានឹងតថភាពនៃការអនុវត្តជាក់ស្តែងនៅក្នុងសង្គមកម្ពុជា ទាំងបរិបទសង្គម វប្បធម៌ និងកិច្ចខិតខំប្រឹងប្រែងកែទម្រង់ស៊ីជម្រៅរបស់កម្ពុជាឡើយ។
លោក ឯម ច័ន្ទមករា បានពន្យល់ថា អ្វីដែលជារឿងពិតប្រាកដជាក់ស្តែង គឺរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាការដឹកនាំផ្ទាល់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំពុងតែបោះជំហានយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តាមរយៈវិធានការមុតស្រួចជាច្រើន រួមមាន៖
ទី១៖ យើងកំពុងអនុវត្តយ៉ាងសកម្មនូវ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
ទី២៖ យើងកំពុងអនុវត្ត យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីធានាឱ្យបាននូវភាពស្អាតស្អំ តម្លាភាព និងយុត្តិធម៌។
ទី៣៖ យើងទើបតែបានបង្កើត និងកំពុងដំណើរការយ៉ាងជោគជ័យនូវយន្តការ «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ ដ ក, ដែលជាយន្តការប្រវត្តិសាស្ត្រជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានលឿន ចំណាយតិច រក្សាការសម្ងាត់ និងរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។
ទី៤៖ ការពង្រឹងយ៉ាងតឹងរ៉ឹងនូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ក៏កំពុងត្រូវបានអនុវត្តដោយគ្មានការលើកលែង។
ជារួមមក ក្រសួងយុត្តិធម៌តែងតែបើកចំហរទទួលយកមតិរិះគន់ស្ថាបនា។ ប៉ុន្តែ លោកសូមបញ្ជាក់ជាថ្មីម្តងទៀតថា គោលដៅធំបំផុត និងចម្បងបំផុតនៃការកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់កម្ពុជា គឺមិនមែនធ្វើឡើងត្រឹមតែដើម្បីរត់តាមតួលេខ ឬដើម្បីបានចំណាត់ថ្នាក់ល្អពីស្ថាប័នណាមួយនោះទេ ប៉ុន្តែទិសដៅតែមួយគត់របស់យើង គឺការបម្រើផលប្រយោជន៍ជាតិ ធានាការការពារសិទ្ធិប្រជាពលរដ្ឋ និងផ្តល់នូវសេវាយុត្តិធម៌មួយដែលពលរដ្ឋអាចជឿទុកចិត្តបាន ស្របតាមទិសស្លោក «យុត្តិធម៌ ត្រូវតែមានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប»៕

