FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហួត ហាក់៖ ផែនការយុទ្ធសាស្ត្រដែលល្អ ត្រូវវាស់វែងតាមលទ្ធផលជាក់ស្តែងនៃការអនុវត្ត មិនមែនត្រឹមភាពល្អឥតខ្ចោះនៃឯកសារនោះទេ

30-10-2026 10:24

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការកំណត់សូចនាករយុទ្ធសាស្ត្រគន្លឹះគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍវិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥ ដែលរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍ ក្នុងគោលបំណងប្រមូលមតិយោបល់ និងធាតុចូលពីថ្នាក់ដឹកនាំ អ្នកជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់សូចនាករយុទ្ធសាស្ត្រគន្លឹះឱ្យកាន់តែច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងអាចវាស់វែងបាន។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគណៈកម្មការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍវិស័យទេសចរណ៍ ដែលបានចូលរួមរៀបចំឯកសារសូចនាករយុទ្ធសាស្ត្រគន្លឹះដ៏មានសារៈសំខាន់នេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលារយៈពេលមួយថ្ងៃ ដែលទទួលបានមតិយោបល់ និងធាតុចូលដ៏មានតម្លៃពីវាគ្មិនជំនាញ និងសិក្ខាកាម ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឱ្យកាន់តែសុក្រឹត និងមានប្រសិទ្ធភាព។

លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការកំណត់សូចនាករយុទ្ធសាស្ត្រគន្លឹះមានសារៈសំខាន់ក្នុងការកំណត់ទិសដៅ និងអាទិភាពអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ព្រមទាំងធានាភាពស៊ីចង្វាក់គ្នារវាងគោលដៅ សកម្មភាព សូចនាករ និងថវិកា ដើម្បីប្រែក្លាយផែនការយុទ្ធសាស្ត្រពីឯកសារតម្រង់ទិសទៅជាការអនុវត្តជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ព្រមទាំងផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងពី ទិសដៅការងារអាទិភាពចំនួន៨ របស់ក្រសួងទេសចរណ៍ ដើម្បីពង្រឹងភាពធន់ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា រួមមាន៖ ការជំរុញទេសចរណ៍ក្នុងស្រុក ការរក្សា និងពង្រឹងទីផ្សារទេសចរណ៍សំខាន់ៗ ការពង្រីកទីផ្សារសក្តានុពលថ្មី ការចាប់យកឱកាសពីយុទ្ធសាស្ត្រ «ទីផ្សារបូក១» ការលើកកម្ពស់កិត្តិនាមកម្ពុជាតាមប្រព័ន្ធឌីជីថល ការប្រើប្រាស់អំណាចទន់តាមរយៈទេសចរណ៍ភាពយន្ត និងកម្មវិធីវប្បធម៌ពេលរាត្រី ការទាក់ទាញព្រឹត្តិការណ៍អន្តរជាតិ និងជំរុញទេសចរណ៍កីឡា ព្រមទាំងការកាត់បន្ថយការលេចធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍។

បន្ថែមពីនេះ រដ្ឋមន្ត្រី ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំចំនួន៣ ដោយផ្តោតលើការធានាភាពបត់បែន និងសមត្ថភាពសម្របខ្លួនរបស់ផែនការយុទ្ធសាស្ត្រទៅនឹងការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងនិន្នាការទីផ្សារទេសចរណ៍ ការលើកកម្ពស់គុណភាព និងភាពជាក់លាក់នៃសូចនាករដោយផ្អែកលើទិន្នន័យដែលអាចផ្ទៀងផ្ទាត់បាន និងការពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ៕