FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋមកពី ៥រាជធានី-ខេត្ត ទទួលបានដីក្រោមគម្រោងផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

29-10-2026 21:23

(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋមកពី ៥រាជធានី-ខេត្ត រួមមាន ខេត្តក្រចេះ ស្វាយរៀង ប៉ៃលិន កំពង់ស្ពឺ និងរាជធានីភ្នំពេញ បានចុះមកទទួលទីតាំងដីជាក់ស្តែង ក្រោមគម្រោងនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ស្ថិតនៅចំណុចអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីផ្តល់ដី និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទទួលផលពីគម្រោង បានធ្វេីឡេីងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធី (ផ.ក.អ.) និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

នាឱកាសនេះ លោក សរ សុពុត្រា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋក្នុងគោលដៅផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតដីពិតប្រាកដ ហើយខេត្តស្ទឹងត្រែងជាខេត្តដំបូងគេក្នុងការអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.)នេះ។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ បានគិតគូររួចជាស្រេចក្នុងការជួយសម្រួលរាល់ការលំបាក និងដោះស្រាយបញ្ហានានាដែលកើតមាន និងអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគម្រោងនេះ ឱ្យមានទំនាក់ទំនងជាប្រចាំមកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រ និងស្វែងរកដំណោះស្រាយទាន់ពេលវេលានៅពេលមានបញ្ហាប្រឈម។

ថ្លែងសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋដែលទើបទទួលបានដីថ្មី លោក សរ សុវណ្ណ បានរំលេចអំពីសារៈសំខាន់នៃកម្មវិធី (ផ.ក.អ.) ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានពន្យល់ថា កម្មវិធីនេះផ្តល់ដីជូនពលរដ្ឋក្រីក្រពិតប្រាកដ ដើម្បីរៀបចំជាលំនៅឋាន និងបង្កបង្កើនផល ដោយផ្សារភ្ជាប់នឹងកាតព្វកិច្ចចូលរួមការពារព្រៃឈើជុំវិញតំបន់រស់នៅ និងទប់ស្កាត់ការទន្ទ្រានដីរដ្ឋខុសច្បាប់ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព។

ជាចុងក្រោយ លោក សរ សុវណ្ណ បានជំរុញ និងលើកទឹកចិត្តយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ក្រោយពេលទទួលបានសិទ្ធិកាន់កាប់ដីធ្លីនេះហើយ ត្រូវខិតខំប្រឹងប្រែងធ្វើការងារ និងដាំដុះបង្កបង្កើនផល ដើម្បីកែប្រែជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកបានដាក់បម្រាមយ៉ាងម៉ឺងម៉ាត់ ដោយហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋលក់ដូរ ឬផ្ទេរសិទ្ធិកាន់កាប់ដីដែលរដ្ឋបានផ្តល់ជូននេះទៅឱ្យជនណាមួយផ្សេងទៀតឡើយ ដើម្បីរក្សាគោលបំណងដើមនៃគម្រោងរបស់រាជរដ្ឋាភិបាល។

គួបញ្ជាក់ផងដែរថាមិនមែនត្រឹមប្រជាពលរដ្ឋ ខេត្តក្រចេះ ស្វាយរៀង ប៉ៃលិន កំពង់ស្ពឺ និងរាជធានីភ្នំពេញទេដែលទទួលបានដីពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ស្ថិតនៅចំណុចអូរសេវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែក៏មានប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗទៀតផងដែរ ៕