កម្មវិធីហាត់ប្រាណ Functional Training របស់កងរាជអាវុធហត្ថខេត្តសៀមរាប ទទួលបានការចាប់អារម្មណ៍ពីសំណាក់ជនបរទេសកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់
29-10-2026 19:22
(សៀមរាប)៖ កម្មវិធីហាត់ប្រាណ Functional Training ប្រចាំសប្តាហ៍ ដែលរៀបចំឡើងដោយកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ និងការចូលរួមកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋជាពិសេសជនបរទេសដែលស្នាក់នៅក្នុងខេត្តសៀមរាប កាន់តែច្រើនឡើងៗ ដែលចូលរួមហាត់ប្រាណរួមគ្នា ដើម្បីលើកកម្ពស់សុខភាព និងបង្កើតចំណងមិត្តភាពជាមួយកងរាជអាវុធហត្ថ។
កម្មវិធីហាត់ប្រាណនេះកងរាជអាវុធហត្ថខេត្តសៀមរាប រៀបចំឡើងរៀងរាល់ល្ងាចថ្ងៃអង្គារ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមស្មារតី «កីឡាដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព»។
ការរៀបចំកម្មវិធីនេះមានគោលបំណងលើកកម្ពស់សុខភាព និងកាយសម្បទា តាមរយៈការធ្វើលំហាត់ប្រាណ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការហាត់ប្រាណជាប្រចាំ ដើម្បីថែរក្សាសុខភាព និងលើកកម្ពស់គុណភាពជីវិត។
ជាមួយគ្នានេះ ការចូលរួមរបស់ជនបរទេស ក៏បានបង្ហាញពីសក្តានុពលនៃសកម្មភាពកីឡាក្នុងការតភ្ជាប់មនុស្សមកពីប្រទេស និងវប្បធម៌ផ្សេងៗគ្នា តាមរយៈសកម្មភាពរួមដែលផ្តល់នូវសុខភាពល្អ សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។
កម្មវិធី Functional Training ប្រចាំសប្តាហ៍នេះ ក៏ជាឱកាសមួយសម្រាប់កងរាជអាវុធហត្ថខេត្តសៀមរាប និងប្រជាពលរដ្ឋ ព្រមទាំងជនបរទេសទាំងអស់ ដែលបានជួបជុំគ្នាក្នុងបរិយាកាសរួសរាយរាក់ទាក់ និងបង្កើនទំនាក់ទំនងល្អតាមរយៈកីឡា។
កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជនបរទេសដែលស្នាក់នៅក្នុងខេត្តសៀមរាប បន្តចូលរួមក្នុងសកម្មភាពហាត់ប្រាណប្រចាំសប្តាហ៍នេះ ដើម្បីរួមគ្នាកសាងសង្គមមួយដែលមានសុខភាពល្អ សាមគ្គីភាព និងមិត្តភាពរឹងមាំ។
«កីឡាមិនត្រឹមតែជាមធ្យោបាយថែរក្សាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់មិត្តភាព និងសាមគ្គីភាពរវាងមនុស្សគ្រប់ជាតិសាសន៍ផងដែរ»។






































