FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលជាតិកម្ពុជា សហការជាមួយនគរបាលជាតិសិង្ហបុរី ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រក្សាបានទឹកប្រាក់ ១២,៨លានដុល្លារ ដែលថវិកាទាំងនេះត្រូវបានប្រគល់ជូនជនរងគ្រោះវិញ

29-10-2026 19:25

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយនគរបាលជាតិសិង្ហបុរី ក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំគណនីអ៉ីម៉ែលអេឡិចត្រូនិច ដោយបានរក្សាទុកទឹកប្រាក់ចំនួន ១២,៨លានដុល្លារអាមេរិក ពីការបាត់បង់។

សេចក្តីប្រកាសព័ត៍មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលាជាមួយកងកម្លាំងនគរបាលសិង្ហបុរី អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការទប់ស្កាត់នូវទឹកប្រាក់ដែលជាផលនៃបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំគណនីអ៉ីម៉ែលអេឡិចត្រូនិច (Business Email Compromise - BEC) សរុបចំនួន ១២,៨លានដុល្លារអាមេរិក។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នគរបាលជាតិសិង្ហបុរី បានទទួលរបាយការណ៍ថា ក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅសិង្ហបុរី ត្រូវបានគេឆបោកឱ្យផ្ទេរប្រាក់ចំនួន ១២,៨លានដុល្លារអាមេរិក ទៅកាន់គណនី ធនាគារសង្ស័យមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនសង្ស័យបាន ប្រើប្រាស់អ៉ីម៉ែលក្លែងក្លាយដើម្បីឆបោកក្រុមហ៊ុនឱ្យធ្វើការផ្ទេរប្រាក់ ។

ភ្លាមៗនោះនគរបាលជាតិសិង្ហបុរី បានស្នើសុំកិច្ចសហប្រតិបត្តិការមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានក្រុមការងារ Hotline Scam ២៤/៧ ជាសេនាធិការ ដើម្បីស្រាវជ្រាវស៊ើបអង្កេត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយធនាគារជាតិនៃកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការទប់ស្កាត់ទឹកប្រាក់ខាងលើនេះ និងផ្ទេរប្រាក់ត្រឡប់ទៅកាន់ជនរងគ្រោះបានដោយជោគជ័យ។

ករណីនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីសមត្ថភាព ប្រសិទ្ធភាព ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយគ្រប់បណ្តាប្រទេស ដើម្បីធ្វើការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់នគរបាលជាតិសិង្ហបុរីធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការល្អ ក្នុងការប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព៕