FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-សិង្ហបុរី បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងការជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

29-10-2026 16:39

(សិង្ហបុរី)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកស្រី Grace Fu រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានសិង្ហបុរី។

កិច្ចពិភាក្សានេះ មានគោលបំណងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងការជំរុញកសិពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ជាពិសេសការពង្រីកទំហំនាំចេញអង្ករមកកាន់ប្រទេសសិង្ហបុរី និងពិនិត្យលទ្ធភាពបើកឱកាសទីផ្សារកសិផលសក្តានុពលកម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ចេក ទុរេន ម្រេច បន្លែ និងផលិតផលបសុសត្វ មកកាន់ទីផ្សារប្រទេសសិង្ហបុរី។

ក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា លើគំនិតផ្តួចផ្តើមសុខភាពតែមួយ (One Health) ដែលនេះសរបញ្ជាក់ពីការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពសុវត្ថិភាពចំណីអាហារ ការបង្ការ និងការពារជំងឺឆ្លងនានា ហើយកម្ពុជាមានសមត្ថភាពពេញលេញក្នុងការផលិត និងនាំចេញកសិផល ដោយអនុលោមតាមស្តង់ដារទីផ្សារ និងការធានាការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំបញ្ចប់ដោយលទ្ធផលផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើតឱកាសកសិពាណិជ្ជកម្មថ្មីៗ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយចីរភាព សំដៅលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ៕