FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួប២២ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

29-10-2026 16:39

(តាកែវ)៖ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការទូទាំងខេត្តតាកែវ បានរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ នៅបរិវេណសួនច្បារមាត់បឹងតាកែវ។

ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញដាក់កម្រងផ្កា និងរបាំជូនពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ លោកអភិបាលខេត្ត ក៏បានអានសារលិខិតថ្វាយព្រះពរ ដោយទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ការរៀបចំពិធីនេះ គឺដើម្បីសម្តែងនូវភក្តីភាព និងការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានលះបង់កម្លាំងកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ព្រះរាជពិធីនេះក៏ជាការរួមចំណែកថែរក្សា និងលើកកម្ពស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិផងដែរ៕