FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់

29-10-2026 16:34

(ភ្នំពេញ)៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការក្តៅរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញលិខិតណែនាំរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់នៅតាមសត្តឃាតដ្ឋាននានា ដើម្បីការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក ការពារសុខភាពសាធារណៈ និងធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតណែនាំជាផ្លូវការទៅកាន់ប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត ឱ្យពង្រឹងកម្លាំងមន្ត្រីជំនាញប្រចាំការនៅតាមសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កន្លងមកមានការសង្កេតឃើញករណីលួចនាំចូលជ្រូករស់មកពិឃាតនៅតាមសត្តឃាតដ្ឋានក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញកើតឡើងជាញឹកញាប់។ ការលួចនាំចូលជ្រូករស់ដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលពីប្រទេសជិតខាង គឺជាហានិភ័យប្រឈមខ្ពស់ក្នុងការប្រឈមនឹងការរីករាលដាលជំងឺឆ្លងសត្វ ព្រមទាំងជំងឺឆ្លងរវាងសត្វនិងមនុស្ស។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានបានស្នើឱ្យប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត ចាត់តាំងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ឱ្យចុះពង្រឹងការងារត្រួតពិនិត្យ និងដឹកនាំមន្ត្រីទទួលបន្ទុកប្រចាំការនៅតាមសត្តឃាតដ្ឋានឱ្យអនុវត្តតួនាទីប្រកបដោយភាពម៉ឺងម៉ាត់ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងការពារសុខភាពសាធារណៈ និងធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងបទសម្ភាសន៍តាមទូរស័ព្ទនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោកបានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវិធានការនេះ ដោយលើកឡើងថា ការលួចនាំចូលសត្វដោយគ្មានច្បាប់ទម្លាប់ គ្មានការត្រួតពិនិត្យ និងគ្មានប្រភពច្បាស់លាស់តាមច្រករបៀង គឺជាហានិភ័យធ្ងន់ធ្ងរដែលទាមទារឱ្យមានការបង្ក្រាបជាបន្ទាន់។

លោក ស៊្រុន ពៅ បានសង្កត់ធ្ងន់ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃជំងឺឆ្លងសត្វ ដោយបានលើកឡើងថា «សត្វដែលនាំចូលគ្មានច្បាប់ និងគ្មានការត្រួតពិនិត្យ គឺអាចផ្ទុកជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺបេស្តជ្រូកអាហ្វ្រិក។ ថ្វីបើជំងឺនេះមិនឆ្លងទៅមនុស្សតាមរយៈការហូបចុកសាច់ដែលចម្អិនឆ្អិនក៏ដោយ ប៉ុន្តែវាអាចឆ្លងតាមរយៈសត្វល្អិតដូចជា ចាប រុយ ឬតាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ។ ជំងឺនេះសាហាវណាស់ បើកសិដ្ឋានណាមួយកើតមានហើយ វានឹងឆ្លងរាលដាលពេញមួយកសិដ្ឋាន និងទូទាំងប្រទេសតែម្តង។ យើងស្រាវជ្រាវ និងកែប្រែប្រព័ន្ធរាប់ពាន់ឆ្នាំហើយ តែជំងឺនេះនៅតែមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ហើយកាន់តែត្រជាក់ វីរុសនេះកាន់តែខ្លាំង»។

លោកបានបន្តថា ការលួចនាំចូលខុសច្បាប់នេះមិនត្រឹមតែប្រឈមនឹងការប្រៀបដូចជាការនាំចូលមេរោគមកបំផ្លាញសត្វចិញ្ចឹមក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារ និងតម្លៃសត្វចិញ្ចឹមរបស់កសិករក្នុងស្រុក ដែលបច្ចុប្បន្នមានសមត្ថភាពផលិត និងផ្គត់ផ្គង់សាច់គ្រប់គ្រាន់នៅលើទីផ្សាររួចទៅហើយ ដោយមិនចាំបាច់ត្រូវការនាំចូលពីក្រៅប្រទេសនោះឡើយ។

បន្ថែមពីនេះ លោកប្រធានសមាគមបានឱ្យដឹងថា ក្រុមការងារសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាននិងកំពុងចុះសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែននានា ដើម្បីប្រមូលព័ត៌មានរាយការណ៍ជូនប្រជាពលរដ្ឋ និងអ្នកចិញ្ចឹមសត្វឱ្យបានជ្រាបជាប្រចាំ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់មន្ត្រីអាជ្ញាធរនៅតាមច្រកព្រំដែន និងថ្នាក់មូលដ្ឋាន ឱ្យបន្តជួយទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ឱ្យបានដាច់ខាត ដើម្បីការពារផលប្រយោជន៍ និងជីវភាពរបស់កសិករ។ ព្រមជាមួយគ្នានោះ លោកក៏បានប្រកាសអំពាវនាវដល់បងប្អូនកសិករអ្នកចិញ្ចឹមសត្វទាំងអស់ រាប់ចាប់ពីការចិញ្ចឹមជ្រូក មាន់ ទា និងពងសត្វ សូមអញ្ជើញមកចុះឈ្មោះចូលរួមជាសមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីងាយស្រួលក្នុងការរៀបចំទិន្នន័យ ស្ថិតិ និងផែនការផ្គត់ផ្គង់ទីផ្សារឱ្យបានច្បាស់លាស់ ជៀសវាងការចិញ្ចឹមតាមចិត្តដែលនាំឱ្យជួបហានិភ័យ និងការខាតបង់ថវិកា៕