FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបោះឆ្នោតជ្រើសរើសការិយាល័យតំណាងប្រចាំទីក្រុងប៉ារីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច

29-10-2026 16:30

(ភ្នំពេញ)៖ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានចូលរួម «ពិធីបោះឆ្នោតជ្រើសរើសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ​សម្រាប់អាណត្តិទី១ លើកទី១» ព្រមទាំងកិច្ចប្រជុំធុរកិច្ចពាក់ព័ន្ធ នៅទីក្រុងប៉ារីស ប្រទេសបារាំង​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងប្រទេសទាំងពីរ។

ពិធី​នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សភាពាណិជ្ជកម្មកម្ពុជា ការបង្កើតការិយាល័យតំណាងនៅទីក្រុងប៉ារីសនេះ គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការពង្រឹងវត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិ។ ការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា បារាំង និងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។ តាមរយៈការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការស្វែងរកដៃគូពាណិជ្ជកម្ម និងការផ្សព្វផ្សាយឱកាសវិនិយោគ ការិយាល័យតំណាងនេះនឹងក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ វត្តមាននៃការិយាល័យតំណាងនេះនឹងបង្កើតកាលានុវត្តភាពថ្មីៗជាច្រើនសម្រាប់វិនិយោគិន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕