កិច្ចប្រជុំពិភាក្សាវាយតម្លៃការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងឱកាសត្រៀមរៀបចំកម្មវិធីបោះជំរំយុវជន និងចែកអំណោយមនុស្សធម៌ នៅខេត្តពោធិ៍សាត់
29-10-2026 16:30
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃលើការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំ សម្រាប់ «កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងកម្មវិធីចែកអំណោយ»។
កម្មវិធីដ៏ធំនេះ នឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងខ្លាំង លើការធានាសុវត្ថិភាព ជូនដល់លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងភរិយាថ្នាក់ដឹកនាំ និងគណៈអធិបតីទាំងអស់ ដែលនឹងអញ្ជើញចូលរួមផ្ទាល់ក្នុងកម្មវិធី។ លោកបានជំរុញឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាយ៉ាងសកម្ម ក្នុងការគ្រប់គ្រងចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងការពារទីតាំងប្រារព្ធពិធីទាំងមូល ឱ្យបានល្អឥតខ្ចោះ។ ជាមួយគ្នានោះ ត្រូវមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការបង្ការ និងទប់ស្កាត់រាល់កាលៈទេសៈអាក្រក់ណាមួយ ដើម្បីធានាឱ្យកម្មវិធីប្រព្រឹត្តទៅក្នុងបរិយាកាសសុខុដុមរមនា កក់ក្តៅ និងមានសុវត្ថិភាពពេញលេញ។
គួរជម្រាបជូនថា គោលបំណងចម្បងនៃការរៀបចំកម្មវិធី «បោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ» គឺដើម្បីផ្តល់ឱកាសឱ្យយុវជនយល់ដឹងកាន់តែស៊ីជម្រៅ ពីតម្លៃនៃសន្តិភាព ព្រមទាំងបង្កើតចំណងមិត្តភាព រវាងយុវជនមកពីបណ្តាខេត្ត-រាជធានី និងបណ្តុះបណ្តាលបំណិនសតវត្សរ៍ទី២១ ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងការស្ម័គ្រចិត្តជួយសង្គម។
សមាសភាពចូលរួមបោះជំរំ សរុប២៩៥នាក់៖
-សមាជិកគណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការដ្ឋាន
-មន្ត្រី និងក្រុមការងារថ្នាក់កណ្តាល និងកាយរឹទ្ធិជាតិកម្ពុជា
-មន្ត្រីប្រតិបត្តិ ទីប្រឹក្សាយុវជន និងយុវជន កក្រក ខេត្តពោធិ៍សាត់
-មន្ត្រីប្រតិបត្តិ ទីប្រឹក្សាយុវជន និងយុវជន មកពីសាខាទាំង៧ (សៀមរាប, ឧត្តរមានជ័យ, កំពង់ឆ្នាំង, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន, កោះកុង និងព្រះសីហនុ)
-ទីប្រឹក្សាយុវជន និងយុវជនឧត្តមសិក្សា មកពី ២៥គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ
-តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធនានា
របៀបវារៈ និងដំណើរការកម្មវិធី
*កម្មវិធីទី១៖ កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ
*ទី១-សុន្ទរកថាស្វាគមន៍ដោយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។
*ទី២-ប្រសាសន៍សំណេះសំណាល និងប្រកាសបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ ដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។
*ទី៣-ប្រារព្ធពិធីទទួលគប់អគ្គីផ្លូវការ ពីគណៈអធិបតី។
*ទី៤-ពិធីអានការប្តេជ្ញាចិត្តមុខគប់អគ្គី ដោយអ្នកកាន់កម្មវិធី និងបន្លឺសំឡេងបន្ទរដោយសមាជិកជំរំទាំងអស់។
*ទី៥-ច្រៀងចម្រៀងអញ្ជើញព្រះអគ្គី ដុតភ្លើងគប់ និងកម្មវិធីរាំច្រៀងជុំវិញភ្លើងគប់ ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។
កម្មវិធីទី២៖ កម្មវិធីចែកអំណោយមនុស្សធម៌
ក្នុងថ្ងៃដដែលនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងគណៈអធិបតី និងតំណាងយុវជន នឹងអញ្ជើញសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដើម្បីជួយសម្រាលជីវភាព និងលើកកម្ពស់ស្មារតីចែករំលែកក្នុងសង្គមផងដែរ៕



































